អ្នកជំនាញគ្រោងបញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ជាស្ថាពរនៅចុងឆ្នាំ ២០២០នេះ

(សៀមរាប)៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌ នៃទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន បានធ្វើការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ ជិតរួចរាល់ជាស្ថាពរហើយ។
លោក ស៊ា សុភារុន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរា ណវិទ្យាបង្ការ និងជាប្រធានការដ្ឋានជួសជុល បានឱ្យដឹងកាលពីថ្ងៃ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៩មកម្ល៉េះ ពេលនេះឈានទៅដល់ការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០នេះ។
លោកបន្តថា ដើមឡើយបញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ព័ន្ធទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬស និងដើមឈើធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ រីឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង។ រហូតមកដល់ពេលនេះ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃ ត្រូវបានជួសជុលស្ទើរតែរួចរាល់ និងថ្មដំបូលត្រូវបានរៀបចំដំឡើង ឡើងវិញតាមរូបរាងដើមទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds