ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្ងៃទី០៤ ខែធ្នូ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។ សូមជម្រាបថា អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់៕