មូលនិធិក្លិបកីឡាបាល់ទាត់ វិសាខា បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មូលនិធិក្លិបកីឡាបាល់ទាត់ វិសាខា ដែលមានលោកជំទាវ កែ សួនសុភី ស សុខា ជាប្រធានក្លិប បានចូលរួមបរិច្ចាគថវិកា ចំនួន ១ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះដែរក្លិបកីឡាបាល់ទះ វិសាខា ក៏បានបរិច្ចាគថវិកា ចំនួន ២លានរៀលផងដែរ សម្រាប់យុទ្ធនាការដ៏មានសារៈសំខាន់នេះ។ សរុបទៅក្លិបកីឡា វិសាខា បានបរិច្ចាគថវិកា ជូនដល់រាជរដ្ឋាភិបាល ចំនួន ១ម៉ឺនដុល្លារ និង ២លានរៀល ។
សូមបញ្ជាក់ថា ថវិកាមូលនិធិ ១ម៉ឺនដុល្លារ ដែលចូលរួមបរិច្ចាគជូនរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩ ទុកចែកជូនប្រជាពលរដ្ឋនេះ បានមកពីថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងបុគ្គលិកគ្រប់ផ្នែក នៃក្លិបកីឡាបាល់ទាត់ វិសាខា ។
ការចូលរួមបរិច្ចាគថវិការបស់ក្លិបកីឡា វិសាខា ជូនដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងទប់ទល់នឹងជំងឺកូវីដ-១៩ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺជាកាយវិការប្រកបដោយក្តីអាណិតស្រលាញ់ខ្មែរពិតៗពីសំណាក់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងបុគ្គលិកគ្រប់ផ្នែក នៃក្លិបកីឡា វិសាខា ទាំងមូល ។
សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល ដូចជា ៖ ផ្អាកការជួបជុំ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ កាត់បន្ថយការប្រើប្រាស់បន្ទប់ម៉ាស៊ីនត្រជាក់រួម លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល សម្លាប់មេរោគ រក្សាគម្លាតសង្គម … និងថែរក្សាសុខភាពជាប្រចាំ ។