Ronaldo ស៊ុតគ្រាប់ទី៧៥០ របស់ខ្លួន ក្នុងជំនួបជួយ Juventus យកឈ្នះ Dynamo Kyiv ៣-០ យប់មិញនេះ
អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ទទួលបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ ក្រុមជើងខ្លាំងមកពីអ៊ុយក្រែន Dynamo Kyiv ដោយលទ្ធផល ៣ទល់នឹង០ នៅទឹកដីរបស់ខ្លួន Allianz Stadium កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះ ដែលជាការប្រកួតជុំទី៥ ក្នុងពូល G ព្រឹត្តិការណ៍ Champions League ។
៣គ្រាប់របស់ក្រុមលោក Andrea Pirlo ធ្វើបានដោយខ្សែប្រយុទ្ធ៣រូបផ្សេងគ្នា ជាក់ស្ដែងគ្រាប់បើកឆាកកើតឡើង ក្នុងតង់ទី១នាទីទី២១ តែតបញ្ចូលទីដោយកីឡាករ Federico Chiesa ក្រោមការបញ្ជូនរបស់ខ្សែការពារស្លាបឆ្វេង Alex Sandro ខណៈគ្រាប់ទី២ សម្រេចទីតាមរយៈម្ចាស់អាវលេខ៧ Cristiano Ronaldo នៅនាទីទី៥៧។ ដោយឡែកគ្រាប់ទី៣ ដែលជាគ្រាប់ចុងក្រោយ បំប៉ោងសំណាញ់ទីដោយជម្រើសជាតិអេស្ប៉ាញ Alvaro Morata នៅនាទីទី៦៦។
តាមពិតទៅ ប្រកួតនេះ អាចនិយាយបានថា គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ Juventus នៅក្នុងពូល G នេះប៉ុណ្ណោះ ពោលក្រុមយក្សនៅអ៊ីតាលីមួយនេះ មានពិន្ទុគ្រប់គ្រាន់ ក្នុងការឆ្លងទៅវគ្គ១៦ក្រុម តាំងពីប្រកួមុនមកម្ល៉េះ ដូច្នេះមានន័យថា នៅពេលប៉ះ Barcelona ប្រកួតក្រោយ បើទោះជាចាញ់ ឬ ឈ្នះ ក៏ Juventus នៅតែអាចឡើងទៅវគ្គបន្ទាប់ ដោយសារមានពិន្ទុដាច់ក្រុមលេខ ៣និងលេខ៤ ១១ពិន្ទុឯណោះ។
ដោយឡែកសម្រាប់ក្រុម Barca វិញ ក៏មិនខុសពី Juventus ដែរ ពោលក្លិបយក្សតំបន់កាតាឡាន់មួយនេះ មានពិន្ទុលើក្រុមលោក Pirlo ទៅទៀត ដោយឈរកំពូលតារាង ពូល G មាន១៥ពិន្ទុ ក្រោយពីបន្តយកឈ្នះ Ferencvaros កាលពីយប់មិញដែរនោះ ដោយលទ្ធផល ៣ទល់នឹង០។
គួរបញ្ជាក់ដែរថា ១គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី៧៥០ហើយ ក្នុងអាជីពរបស់ខ្សែប្រយុទ្ធសញ្ជាតិព័ទុយកាល់ Ronaldo តួយ៉ាង គេរកបានកាលនៅ Real Madrid ៤៥០គ្រាប់ នៅ Manchester United ១១៨គ្រាប់ នៅជម្រើសជាតិ ១០២គ្រាប់ នៅក្លិបបច្ចុប្បន្ន Juventus ៧៥គ្រាប់ និងក្លិបដើមកំណើត Sporting Lisbon ៥គ្រាប់៕