លោក ឃួង ស្រេង អំពាវនាវដល់ម្ចាស់ទីតាំងជួល និងផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារសំណងពីម្ចាស់កម្មវិធី ដែលត្រូវពន្យារពេលដោយសារកូវីដ១៩
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវ ដល់ម្ចាស់ទីតាំងជួលរៀបចំកម្មវិធី និងផ្ដល់សេវាផ្សេងៗ សូមកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ដោយបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។
តាមសេចក្ដីអំពាវនាវរបស់លោក ឃួង ស្រេង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋ ដែលគ្រោងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅរាជធានីភ្នំពេញ។
ដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួល រៀបចំកម្មវិធី ទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំ កម្មវិធីទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករ ដែលផ្តល់សេវាកម្មផ្សេងៗដល់ការរៀបចំកម្មវិធីទាំងអស់ នឹងចូលរួមអនុវត្ត តាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាក់ជាមិនខាន៕