ប្រទេសកាណាដា បង្ហាញថា កុមារ១ភាគ៣ដែលឆ្លងកូវីដ១៩គឺមិនបង្ហាញរោគសញ្ញាទេ
(បរទេស)៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាងមួយភាគបីនៃកុមារដែលឆ្លងវីរុសកូរ៉ូណាគឺមិនបង្ហាញរោគសញ្ញាទេ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Alberta ក្នុងប្រទេសកាណាដាបានរកឃើញថា កុមារប្រហែល៣៦ភាគរយមិនមានរោគសញ្ញាដើមនៃជំងឺកូវីដ១៩ឡើយដូចជាក្អក ក្តៅខ្លួនឬដង្ហើមខ្លីជាដើម។
លើសពីនេះទៀត ខណៈពេលដែលរោគសញ្ញាទូទៅបំផុតក្នុងចំណោមកុមារដែលធ្វើតេស្តវិជ្ជមានគឺក្អកនិងហៀរសំបោរនោះ រោគសញ្ញាបែបនេះក៏កើតមានជាទូទៅក្នុងចំណោមកុមារដែលមានលទ្ធផលតេស្តអវិជ្ជមានផងដែរ។ ប៉ុន្តែកុមារដែលឆ្លងកូវីដគឺមានរោគសញ្ញាដូចជាចង្អោរឬបាត់បង់រសជាតិនិងក្លិនខ្លាំងជាងមនុស្សធំរហូតដល់ទៅ៧ដងឯណោះ។ វេជ្ជបណ្ឌិត Finlay McAlister សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Alberta បាននិយាយថា “ការព្រួយបារម្ភពីទស្សនវិស័យសុខភាពសាធារណៈគឺថា “ប្រហែលជាមានការរាលដាលនៃជំងឺកូវីដ១៩ច្រើននៅក្នុងសហគមន៍ដែលមនុស្សមិនដឹង”។
លោកបន្តថា “នៅពេលយើងឃើញរបាយការណ៍នៃករណីថ្មីចំនួន១,២០០ករណីក្នុងមួយថ្ងៃនៅក្នុងខេត្ត Alberta វាទំនងថា មានមនុស្សជាច្រើនដែលមិនបានដឹងថាពួកគេមានជំងឺនេះហើយកំពុងធ្វើឲ្យវារីករាលដាល”។ ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រកាណាដាបានបង្ហាញថា ក្រុមនេះបានពិនិត្យលើកុមារជិត២,៥០០នាក់ដែលត្រូវបានធ្វើតេស្តនៅចន្លោះខែមេសាដល់ខែកញ្ញា។ ពួកគេទាំងអស់មានអាយុយ៉ាងតិចប្រាំឆ្នាំហើយត្រូវបានគេធ្វើតេស្តដោយសារតែការតាមដានទំនាក់ទំនងថាតើពួកគេមានចេញរោគសញ្ញាដែរឬក៏អត់។ ក្នុងចំណោមនោះ កុមារ១,៩៨៧នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ហើយ៤៧៦នាក់ទៀតទទួលបានលទ្ធផលអវិជ្ជមាន។ ក្នុងចំណោមកុមារដែលឆ្លងវីរុស មាន៧១៤នាក់ពោលគឺ៣៥,៩ភាគរយត្រូវបានគេរាយការណ៍ថាមិនបញ្ចេញរោគសញ្ញា៕