ប្រទេសចិនបញ្ចេញយន្តហោះពិឃាត អាចហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរ រួចរាល់ជាផ្លូវការហើយ
(បរទេស)៖ប្រទេសចិន នៅសប្តាហ៍នេះ បានបញ្ចេញជាផ្លូវការនូវប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនបំផុត និងមានសមត្ថភាពហោះឆ្លងទ្វីប ប្រភេទ H-20 stealth bomber ជាប្រភេទយន្តហោះពិឃាត ដោយអះអាងបង្កើតឡើងដើម្បីពង្រីកសមត្ថភាពការពារជាតិរបស់ខ្លួន។
វិទ្យាស្ថាន Royal United Services នៅអង់គ្លេស ដែលសិក្សាពីប្រព័ន្ធសុវត្ថិភាព និងការពារជាតិ បានវិភាគទៅលើមូលហេតុនៅពីក្រោយការអភិវឌ្ឍន៍វិស័យយោធាដែនកាអាសរបស់ចិន និងរុស្ស៊ី រាប់បញ្ចូលទាំងយន្តហោះថ្ងៃអនាគត និងអាវុធទំនើបថ្មីៗជាច្រើនទៀត។
ទោះជាយ៉ាងណា យន្តហោះ H-20 stealth bomber ត្រូវគេរាយការណ៍ថា កំពុងស្ថិតក្រោមការអភិវឌ្ឍន៍នោះឡើយ ប៉ុន្តែមន្ទីរបញ្ចាកោណអាមេរិក បានជឿថា យន្តហោះទម្លាប់គ្រប់បែកដ៏ទំនើបរបស់ចិនមួយនេះ គឺអភិវឌ្ឍន៍រួចរាល់ជាស្ថាពរហើយ ដោយមានសមត្ថភាពអាចវាយប្រហារគោលដៅដែនសមុទ្រគ្រប់គ្រងដោយអាមេរិក ដូចជាកោះហ្គាម ខណៈអ្នកជំនាញជឿជាក់ថា H-20 មានសមត្ថភាពហោះដល់កោះហាវៃរបស់អាមេរិកទៀតផង។
ក្នុងរបាយការណ៍ចេញផ្សាយកាលពីចុងខែតុលា Royal United Services សរសេរថា “សព្វាវុធ និងគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាប្រព័ន្ធការពារមីស៊ីល រួមទាំងយន្តហោះទម្លាប់គ្រាប់បែក H-20 អាចបង្ហាញពីការប្រែប្រួលខ្លាំងទៅក្នុងវិស័យទ័ពអាកាសកងទ័ពចិន រាប់បញ្ចូលទាំងការអភិវឌ្ឍន៍លើគោលការណ៍ និងឧបករណ៍សង្គ្រាម”។
តាមសមត្ថភាពសព្វាវុធទំនើបរបស់ចិន បង្ហាញនាពេលកន្លងមក វាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅកាន់គោលដៅណាមួយ ពិសេសតំបន់ប្រជុំកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីកោះ Kuril រហូតដល់ទឹកដីជប៉ុន និងបណ្តាប្រជុំកោះនៅហ្វីលីពីន។
ក្នុងរបាយការណ៍ដដែលសរសេរថា H-20 ជាយន្តហោះទម្លាប់គ្រាប់បែកទំនើប និងមានឥទ្ធិពបំផុតរបស់ចិន មានសមត្ថភាពពេញលេញក្នុងការការពារអំណាចរបស់ប្រទេសនេះនៅក្នុងតំបន់។
យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់ចិន H-20 មានសមត្ថភាពដឹកគ្រាប់បែកសរុប ៤៥តោន រាប់បញ្ចូលទាំងគ្រាប់នុយក្លេអ៊ែរ និងភ្ជាប់ជាមួយកាំជ្រួចបំបាំងកាយ សម្រាប់បាញ់ប្រឆាំងនាវាចំបាំងទៀតផង។
ផែនការអភិវឌ្ឍន៍ យន្តហោះពិឃាត H-20 ធ្លាប់ត្រូវរដ្ឋាភិបាលប៉េកាំង ប្រកាសជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៦ ដោយអះអាង ត្រូវការពេល ៥ឆ្នាំដើម្បីអភិវឌ្ឍន៍ មុនដាក់ឲ្យប្រើប្រាស់ក្នុងវិស័យដែនអាកាសចិន៕