អ៊ីរ៉ាក់បណ្ដុះបណ្ដាលមេដឹកនាំនៃកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិកឲ្យកាន់តំណែងក្នុងជួរកងទ័ព
(បរទេស)៖ Reuters យោធាអ៊ីរ៉ាក់កំពុងបណ្ដុះបណ្ដាលអតីតសមាជិកនៃកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិកចំពោះការសម្លាប់ក្រុមបាតុករឲ្យក្លាយជាមន្ដ្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ព បើយោងតាមក្រុមមន្ដ្រីរដ្ឋាភិបាល សន្ដិសុខ និងកងជីវពល ៦រូបបានឱ្យដឹង ។
មន្ត្រីរដ្ឋាភិបាល មន្ដ្រីសន្ដិសុខ និងកងជីវពល បាននិយាយថា លោក Hussein Falih Aziz ដែលត្រូវបានស្គាល់ឈ្មោះថា Abu Zainab al-Lami ត្រូវបានបញ្ជូនទៅកាន់ប្រទេសអេស៊ីបជាមួយមន្ដ្រីអ៊ីរ៉ាក់ដើម្បីបណ្តុះបណ្តាលរយៈពេលមួយឆ្នាំ ជាធម្មតាការបណ្តុះបណ្តាលនេះគឺសំរាប់តែបុគ្គលិកយោធារបស់អ៊ីរ៉ាក់ ។
យោងតាមឯកសារបស់ក្រសួងការពារជាតិដែល Reuters បានឃើញ មានបង្ហាញឈ្មោះរបស់គាត់ដែលមានឋានៈជាឧត្តមសេនីយ៍ទោនៅក្នុងបញ្ជីឈ្មោះមន្ដ្រីចូលរួមក្នុងការបណ្ដុះបណ្ដាលរហូតដល់រដូវក្ដៅក្រោយ ។
ក្រុមមន្ដ្រីបាននិយាយថា ការតែងតាំងលោក Lami ក្លាយជាមន្ដ្រីជាន់ខ្ពស់ក្នុងជួរកងទ័ពជាសកម្មភាពដ៏ក្លាហានមួយរបស់នាយករដ្ឋមន្ដ្រីលោក Miustafa al-Kadhimi ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីបន្ថយអំណាចរបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស្របតាមបំណងប្រាថ្នារបស់វ៉ាស៊ីនតោន ដើម្បីកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់នៅទូទាំងមជ្ឈឹមបូព៌ា ៕