៤ថ្ងៃទៀត ផុតកាលបរិច្ឆេទបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ហើយ

(ភ្នំពេញ)៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នឹងត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ពោលសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា អគ្គនាយកដ្ឋានពន្ធដារ មិនមានការពន្យារពេល ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ នោះទេ។ លោកអគ្គនាយកបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «អត់មានពន្យារពេលទេ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ គឺបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ»។តែយ៉ាងលោកអគ្គនាយកបានពន្យល់ថា ទោះបីការប្រមូលពន្ធនេះ ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះក្តី ក៏បងប្អូនជាម្ចាស់យានយន្ត នៅតែអាចបង់ពន្ធនេះ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០បាន ប៉ុន្តែ «ត្រូវរងការពិន័យ»។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ ជាញឹកញយតែតែងចេញសេចក្តីជូនដំណឹងរំលឹក ពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនេះ និងបានលើកឡើងផងដែរថា ក្នុងករីណខកខានមិនបានបង់ពន្ធទាន់ពេលវេលា ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds