រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ថា អ្នកមកពីក្រៅប្រទេសទាំងអស់នឹងមិនឲ្យធ្វើចត្តាឡីស័កនៅផ្ទះទេទោះយន្តហោះមាន ឬគ្មានអ្នកកើតកូវីដ១៩ក៏ដោយ
(ភ្នំពេញ) ៖ ក្នុងន័យគ្រប់គ្រងឲ្យបានម៉ត់ចត់នូវការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា រាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ គឺមិនត្រូវបានអនុញ្ញាតិឲ្យធ្វើចត្តាឡីស័កនៅផ្ទះនោះទេ ។ ត្រង់នេះមានន័យថា រាល់គ្រប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ ចាប់ពីពេលនេះទៅ គឺត្រូវធ្វើចត្តាឡីស័ក១៤ ថ្ងៃ នៅមណ្ឌល ដែលក្រសួងសុខាភិបាលរៀបចំឲ្យ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះដឹកសម្ភារៈជំនួយទៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដំណើរទាំងអស់ មិនថាខ្មែរ ឬបរទេសនោះទេ ដែលបានធ្វើដំណើរមកពីក្រៅប្រទេសចូលកម្ពុជា គឺដាច់ខាតត្រូវតែធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កនានា ដូចជា តាមសាលារៀន ឬតាមសណ្ឋាគារ ដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលបានរៀបចំជូន ទោះបីជាក្នុងយន្តហោះដឹកអ្នកដំណើរនោះ មានឬក៏គ្មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ក៏ដោយ។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍បញ្ជាក់ថា «យើងពង្រឹងតាម Airport (ព្រលានយន្តហោះ) នេះ! អ្នកចេញចូលតាម Airport នេះ។ អ្នកដែលចូលមកតាមហ្នឹង ឥឡូវនេះ ត្រូវតែចាំបាច់ ត្រូវតែចត្តាឡីស័ក ១៤ថ្ងៃហើយ» ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពន្យល់បន្ថែមថា «ពីមុន យន្តហោះ ដែលអត់មានអ្នកផ្ទុកកូវីដ១៩ យើងអាចឲ្យធ្វើចត្តាឡីស័ក នៅផ្ទះបាន ១៤ថ្ងៃ។ ប៉ុន្តែឥឡូវអត់ទេ គឺថា មាន ឬមួយអត់មាន ក្នុងយន្តហោះនោះ គឺដាច់ខាតការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ត្រូវតែធ្វើនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋ ដែលបានចាត់ចែង។ ដូច្នេះយើងកាន់តែប្រុងប្រយ័ត្នថែមទៀត» ។សូមរម្លឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានប្រកាសដោយមោទនភាពថា សំណុំបញ្ហាដ៏ស៊ាំញុំានៃព្រឹត្តិការណ៍ ៣ វិច្ឆិកា មិនមែនជារឿងតូចតាចទេ គឺជារឿងធំណាស់ ដែលព្រឹត្តិការណ៍នេះមានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១៨០០ នាក់ ដូច្នេះ ប្រសិនបើយើងគ្មានយន្តការប្រតិកម្មរហ័ស ដោយក្រុមគ្រូពេទ្យរបស់យើងនិងអាជ្ញាធរតួអង្គពាក់ព័ន្ធ យើងមិនអាចគ្រប់គ្រងនូវសភាពការណ៍នេះបានទេ៕