លោក Joe Biden សំំណូមពរដល់ពលរដ្ឋអាមេរិក រក្សាសុវត្ថិភាព ខណៈករណីឆ្លងជំងឺ COVID-19 កើនឡើងខ្ពស់នៅមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Thanksgiving
អាមេរិក៖ លោក Joe Biden បានសំំណូមពរដល់ប្រជាពលរដ្ឋអាមេរិកឲ្យចាត់វិធានការដើម្បីរក្សាសុវត្ថិភាព ខណៈករណីឆ្លងជំងឺ COVID-19 កើនឡើងខ្ពស់នៅមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យ Thanksgiving និងបានសន្យាជាថ្មីទៀតក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលដែលជាចំណុចអាទិភាពកំពូល នៅពេលរូបលោកចូលកាន់តំណែងនៅខែមករា។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Biden បានអោយដឹងថា “ខ្ញុំជឿថា អ្នកតែងតែសមនឹងទទួលបានការស្តាប់លឺ ការពិតពីប្រធានាធិបតីរបស់អ្នក។ យើងត្រូវតែបន្ថយល្បឿនការឆ្លងរាលដាលវីរុសនេះ។ យើងជំពាក់គុណក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ព្រមទាំងបុគ្គលិកជួរមុខយើងជំពាក់ពលរដ្ឋរបស់យើង“។
លោក ថា ដោយទទួលស្គាល់ថា ប្រជាពលរដ្ឋអាមេរិកកំពុងមានអារម្មណ៍នឿយហត់ខ្លាំង ដោយសារជំងឺរាតត្បាតសកលនេះ ខ្ញុំដឹងថា យើងអាចធ្វើបាន ហើយយើងនឹងយកឈ្នះវីរុសនេះ។ ជីវភាពប្រចាំថ្ងៃនឹងវិលទៅរកសភាពធម្មតាវិញ។
ជាមួយគ្នានេះដែរលោកសន្យានឹងអ្នកទាំងអស់គ្នា ជំងឺនេះនឹងមិនមានជារៀងរហូតទេ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក ដោយសារតែជំងឺនេះបានកើនឡើងដល់ជាង ២ពាន់នាក់ជាលើកដំបូងចាប់តាំងពីខែឧសភាមក ស្របពេលនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ពេញណែនដោយអ្នកជំងឺរួចទៅហើយ។