កម្ពុជា ទទួលបានសិទ្ធិដឹកនាំការប្រកួតកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម
(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេម តាម Video Conference កាលពីម្សិលមិញ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានអោយដឹងថា កម្ពុជាបានទទួលសិទ្ធិក្នុងការដឹកនាំ និងរៀបចំការប្រកួតលើប្រភេទកីឡា «មួយ» ឬ «គុនខ្មែរ» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២១ ខាងមុខ។
លោក វ៉ាត់ ចំរើន បានបង្ហាញនូវសុទិដ្ឋិនិយមថា កីឡាគុនខ្មែរ គឺជាប្រភេទកីឡាសក្ដានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។ តែអ្វីដែលគួរឲ្យមានមោទនភាពនោះ គឺវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យកម្ពុជារៀបចំការប្រកួតលើប្រភេទកីឡាគុនខ្មែរ ដែលជាសញ្ញាណដ៏ល្អ សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរនេះ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «កម្ពុជាពិតជាមានមោទនភាព ដែលបានម្ចាស់ផ្ទះវៀតណាមទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួតកីឡា «មួយ» ឬ «គុនខ្មែរ» នៅវៀតណាម គឺផ្តល់សិទ្ធិឲ្យសហព័ន្ធកីឡាគុនខ្មែររបស់យើង និងសហព័ន្ធគុនខ្មែរអាស៊ី ចូលរួមរៀបចំការប្រកួត។ ក្នុងនោះ ខ្ញុំបាទ ក្នុងនាមជាប្រធានកីឡាគុនខ្មែរអាស៊ី និងជាប្រធានគុនមួយអាស៊ី គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការប្រកួតនេះ»។
លោកបានបន្ដថា «ការធ្វើស៊ីហ្គេមមុនៗ ប្រភេទកីឡាមួយហ្នឹង គឺគេឲ្យទៅមួយថៃ ជាអ្នកគ្រប់គ្រងរៀបចំការប្រកួត តែឥឡូវនេះយើងបានតវ៉ាឈ្នះ នៅលើការងារនេះថា គុនខ្មែរយើង ត្រូវតែជាអ្នកដឹកនាំការប្រកួតនេះ ទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម។ ចឹងម្ចាស់ផ្ទះវៀតណាម ក្នុងនាមជាប្រធានស៊ីហ្គេម បានសម្រេចឲ្យយើងធ្វើការដឹកនាំការប្រកួត។ នេះគឺជាផ្លូវមួយ ដែលវែកឲ្យយើងងាយស្រួលក្នុងការជំរុញកីឡាគុនខ្មែររបស់យើងឲ្យឈានទៅរកឧត្តមភាពខ្លាំងក្លាក្នុងពេលប្រកួត»។
បើតាមលោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា «នេះគឺជាសញ្ញាណដ៏ល្អ សម្រប់កម្ពុជាយើងក្នុងការចួលរួមប្រកួតគុនខ្មែរ នៅវៀតណាម ដោយកម្ពុជាយើង ដោយខ្ញុំបាទផ្ទាល់ គឺជាប្រធានរៀបចំការប្រកួតនេះ នៅឯវៀតណាមតែម្ដង។ នេះគឺជាដំណឹងល្អមួយ ដែលយើងមានមោទនភាពទាំងអស់គ្នា ដែលគេទទួលស្គាល់យើង និងឲ្យយើងធ្វើជាអ្នកដឹកនាំការប្រកួតលើប្រភេទកីឡានេះ (គុនខ្មែរ)…»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតរយៈពេល ១២ថ្ងៃ នៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ៕