ដោយសារ COVID-19 លោក ពេជ្រ ស្រស់ សម្រេចមិនបើកអង្គ ប្រជុំប្រចាំខែវិច្ឆិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
(ភ្នំពេញ) : ប្រធានគណបក្សយុវជនកម្ពុជាលោកពេជ្រស្រស់បានចេញសេចក្តីប្រកាសមួយទាក់ទងទៅនឹងការមិនបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដោយសារតែបញ្ហាជំងឺកូវីដ19 ដែលកំពុងតែមានការគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាជាពិសេសអំឡុងពេលថ្មីៗនេះ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរដោយភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នៃប្រតិភូគណបក្សយុវជនកម្ពុជារបស់លោក ដោយភ្ជាប់ជាមួយសំណេរយ៉ាងខ្លី យ៉ាងដូច្នេះថា” ដោយសារCOVID-19ខ្ញុំសម្រេចមិនបើកអង្គប្រជុំប្រចាំខែវិច្ឆិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ” ។
សូមជម្រាបថាមកដល់ថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2020 នេះយុទ្ធនាការនៃការធ្វើចត្តាឡីស័ករបស់ក្រុមអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៃថ្ងៃ 3 វិច្ឆិកាត្រូវបានបិទបញ្ចប់ហើយ ក៏ប៉ុន្តែការការពារបង្ការនៃការរីករាលដាលនៃជំងឺកូវីដ19 នៅតែបន្តជានិច្ច លុះត្រាតែជំងឺនេះត្រូវបានរកថ្នាំព្យាបាលឃើញ ឬឈប់មានការចម្លងតទៅទៀត៕