អជ្ញាធរបានយកដីកា​ ទៅបិទនៅអតីតស្នាក់គណបក្សសង្គ្រោះជាតិ​ ដើម្បីឲ្យអ្នកពាក់ព័ន្ធរួមគំនិតក្បត់ជាតិ ចំនួន៦៨នាក់បន្ថែមទៀត ឲ្យចូលសវនាការ

(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានយកដីកាកោះដើម្បីចូលសវនាការរបស់អ្នកពាក់ព័ន្ធ រឿងរួមគំនិតក្បត់ជាតិ ចំនួន៦៨នាក់បន្ថែមទៀត ដែលសុទ្ធតែបក្ខពួករបស់ទណ្ឌិត សម រង្ស៉ី ទៅបិទនៅអតីតស្នាក់គណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ដីកាដែលកម្លាំងនគរបាលយកទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិនេះ បានកំណត់ឲ្យអ្នកទាំងអស់ដែលរួមគំនិតក្បត់ជាតិ មានឈ្មោះក្នុងដីកា ត្រូវចូលរួមក្នុងសវនាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដើម្បីជំនុំជម្រះទោសលើសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០១៩។ កម្លាំងនគរបាលដែលចុះបិទដីកានេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ។

មន្ដ្រីតុលាការបានគូសបញ្ជាក់ថា សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ មិនមានសិទ្ធិប្រមូលផ្ដុំគ្នានៅទីតាំង អតីតស្នាក់ការគណបក្សសង្គ្រោះជាតិនោះឡើយ ពោលប្រសិនបើហ៊ានល្មើសនឹងទទួលខុសត្រូវចំពោះមុខច្បាប់ តាមបញ្ញត្តិមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ «បទធ្វើឲ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ ដឹកនាំមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត យកដីកាដូចនេះទៅបិទម្ដងរួចមកហើយ ដោយក្នុងនោះ មានទាំងឈ្មោះរបស់ ទណ្ឌិត សម រង្ស៉ី និងជនត្រូវចោទចំនួន១៤នាក់ផ្សេងទៀត។

ខ្លឹមសារដីការរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានដាក់រឿងជំនុំជម្រះរួច សម្រេចឲ្យឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៦៩ឆ្នាំ កើតថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៥៩ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ D0002190 ទីកន្លែងកំណើត សង្កាត់លេខ២ ក្រុងភ្នំពេញ អាស័យដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឲ្យចូលមកកាន់ សាលាដំបូងរាជធានីភ្នំពេញ (ជាន់ទី១ សាលសវនាការទី១) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨៖៣០នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ។

សូមបញ្ជាក់ថា សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» នេះដែរ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ, លោក កើត សាំង និងលោក អ៊ឹម វណ្ណ: ជាចៅក្រមប្រឹក្សា៕


អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds