តុលាការក្រុងភ្នំពេញ សម្រេចលើកពេលជំនុំជម្រះអតីតមន្រ្តីបក្សប្រឆាំង ចំនួន៩នាក់ ពីបទ«ឧបឃាត»

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកពេលសវនាការ អតីតមន្រ្តីបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសចំនួន ០៩នាក់ ដោយយកទៅបន្តជំនុំជម្រះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០វិញ។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកនៅព្រឹកនេះ។

ការប្រកាសលើកពេលសវនាការនៅព្រឹកថ្ងៃនេះ បន្ទាប់ពីមានការស្នើសុំពីភាគីខាងមេធាវីរបស់ក្រុមជនត្រូវចោទទាំង០៩នាក់។

មនុស្សចំនួន០៩នាក់ ដែលគេស្គាល់ថាជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីកាបិទប្រកាសឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ជនត្រូវចោទទាំង៩នាក់នោះរួម មានទី១៖ ឈ្មោះ សម រង្ស៉ី, ទី២៖ ឈ្មោះ អេង ឆៃអ៊ាង, ទី៣៖ ឈ្មោះ មួរ សុខហួរ, ទី៤៖ ឈ្មោះ អ៊ូ ច័ន្ទឬទិ្ធ, ទី៥៖ ឈ្មោះ ហូរ វ៉ាន់, ទី៦៖ ឈ្មោះ ឡុង រី, ទី៧៖ ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ទី៨៖ ឈ្មោះ ជូឡុង សួមួរ៉ា និងទី៩៖ ឈ្មោះ នុត រំដួល។ ជនត្រូវចោទទាំង៩នាក់ លើសំណុំរឿង «ឧបឃាត»នេះ ត្រូវចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ាង៨៖០០នាទី (សាលសវនាការទី១) ជាកំហិត ដើម្បីដោះសារពីការចោទប្រកាន់នេះ។

សូមបញ្ជាក់សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «ឧបឃាត» នេះ មានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds