ឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី នៅមកម្ពុជា
(ភ្នំពេញ)៖ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីលោកបានមកដល់កម្ពុជា នៅម៉ោងជាង៦ព្រឹកមិញ។ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចាប់ផ្តើមជួបពិភាក្សាការងារក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា៕
ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំង២ ធ្វើឡើងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម បន្ទាប់មកប្រមុខការទូតទាំងពីរធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
ទន្ទឹមនេះ ឯកឧត្ដម ភីធើ ស៊ីចាតូ នឹងមានជំនួបដោយឡែកពីគ្នា ជាមួយ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្ដម សួស យ៉ារ៉ា សមាជិកសភាកម្ពុជាផងដែរ។
ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៕