លោកហូ វ៉ាន់ តបទៅសម្តេចតេជោថា ភរិយាលោក កូនលោកគ្រាន់ជាអ្នកដាំបាយ ប៉ុណ្ណោះ
(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានចំៗ លើអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូរ វ៉ាន់ ថាជាអ្នកបញ្ជាអ្នកក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំងវត្តមានកងទ័ពចិន នៅកម្ពុជា។ លោកហូ វ៉ាន់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះថា ភរិយាលោកកូនលោកគ្រាន់ជាអ្នកដាំបាយ ប៉ុណ្ណោះ។
តាមរយៈទំព័រហ្វេសបុកលោកអេង ឆៃអៀង នៅថ្ងៃទី២៨ ខែតុលានេះ លោក ហូរ វ៉ាន់ ថា ភរិយាខ្ញុំ កូនខ្ញុំ តែងឆ្លេីយទៅ អ្នកស្គាល់រាប់អានទាំងអស់ថា ពួកគាត់ជាអ្នកដាំបាយ ឯប្ដីខ្ញុំ ឪខ្ញុំ ឈ្មោះ ហូរ វ៉ាន់ គាត់ជាអ្នកនយោបាយ ចង់ដឹងរឿងនយោបាយអញ្ជេីញសួរគាត់ទៅ ។
លោកថា កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០នេះ ស្រាប់តែខ្ញុំឮសំដីអ្នកនយោបាយដូចគ្នា ប្រេីពាក្យរាលដាលដល់អ្នកដាំបាយដែលគាត់មិនដែលរវល់នឹងនយោបាយសោះ។ តើនេះជាចំណាប់ខ្មាំងឬ ?
លោកថា ប្រជារាស្រ្ត អ្នកច្បាប់ អ្នកនយោបាយ អ្នកស្រឡាញ់យុត្តិធម៌សូមថ្លឹងថ្លែង និងពិចារណាដោយសុភនិច្ឆ័យផងចុះ ! ចំពោះខ្ញុំជាអ្នកនយោបាយមិនអាចបោះបង់គោលដៅបានទេ ដេីរទៅមុខដោយមិនប្រាថ្នាធ្វេីរដ្ឋមន្ត្រីឡេីយ។
សូមក្មួយៗបន្តវេនកាន់កាប់ចុះ ឲ្យតែប្រទេសយេីង មានប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សមានអព្យាក្រឹត្យ មានអធិបតេយ្យ បូរណភាពទឹកដី រកសុីមានបានតកូនតចៅទាំងអស់គ្នា ហូរ វ៉ាន់ ពិតជាសប្បាយចិត្តណាស់។
សូមរំលឹកផងដែរថា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ សម្តេចតេជោ បានព្រមាន ចំៗចំពោះលោក ហូរ វ៉ាន់ ដែលកំពុងរស់នៅក្រៅប្រទេស ថាជាអ្នកបញ្ជាក្រុមក្នុងស្រុក ឲ្យធ្វើបាតុកម្ម នៅភ្នំពេញ៕