ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ
(ភ្នំពេញ): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទីក្រុងរណបកោះពេជ្រ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។
យោងតាម លិខិត របស់ សាលា រាជធានី ភ្នំពេញ ដែល ចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ ផ្ញើ ទៅ រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២០ បាន ឲ្យ ដឹងថា ក្រុមហ៊ុន OCIC បានទទួល គោលការណ៍ អនុញ្ញាត ពី រាជរដ្ឋាភិបាល ក្នុង ការអភិវឌ្ឍ កោះនរា ដែល មាន ទីតាំង ស្ថិតក្នុង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ តាមរយៈ លិខិត លេខ ១០៨៥ សជណ.កស ចុះ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨ របស់ ទីស្តីការ គណៈរដ្ឋមន្ត្រី រួច ហើយ ។
លិខិត បន្តថា តាមផែនការ ក្រុមហ៊ុន នឹង ស្ថាបនា ស្ពានបេតុង ខ្សែកាប ចំនួន ១ ខ្សែ ដើម្បី តភ្ជាប់ ទីក្រុង កោះពេជ្រ ទៅ គម្រោង អភិវឌ្ឍន៍ កោះនរា ។ នៅពេល សាងសង់ រួច ស្ពាន នេះ នឹង ចូលរួមចំណែក ជួយ កាត់បន្ថយ ការកកស្ទះ នៅ ស្ពាន ព្រះមុនីវង្ស បាន មួយកម្រិត ធំ ហេតុនេះ ដើម្បី ជួយ សម្រួល ដល់ ការស្ថាបនា ស្ពាន នេះ ក្រុមហ៊ុន OCIC ស្នើសុំ គោលការណ៍ ទៅ នាំចូល សម្ភារ និង គ្រឿងចក្រ មួយ ចំនួន ដែលមាន តម្លៃ សរុប ៤០,៨៨ លាន ដុល្លារ ដោយ ពន្ធ និង អាករ ផ្សេងៗ ជា បន្ទុក របស់ រដ្ឋ ហើយ នឹង ដឹក មកកាន់ រាជធានី ភ្នំពេញ តាម មាត់ច្រក អន្តរជាតិ នានា ក្នុង ពេល ឆាប់ៗ ខាង មុខ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសងទីក្រុងរណបថ្មីលើផ្ទៃដី ជាង១០០ហិកតាស្ថិតនៅតាមដងទន្លេចាកចេញពីតំបន់កោះនរា ទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ដនៅទីនោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេ ចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាពេល កន្លងមក ក្រុមហ៊ុន បាន ធ្វើការ សិក្សា លើ ជម្រើស ចំនួន ២ ទាក់ទង នឹង ការសាងសង់ ស្ពាន តភ្ជាប់ ពី កោះពេជ្រ ទៅកាន់ កោះនរា ដោយ ទី ១ ជា ការសាងសង់ ស្ពាន ឆ្លងកាត់ ពីលើ ទឹកទន្លេ ដែល គ្រោង ចំណាយ ថវិកា ប្រហែល ៦០ លាន ដុល្លារ និង ទី ២ សង់ ផ្លូវ កាត់ ក្រោម ទន្លេ ដែល មាន តម្លៃ ប្រមាណ ២០០ លាន ដុល្លារ ៕