​ស្រវឹងស្រា ចុះ​មុជទឹក​បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​ក្នុង​ស្រះ​

(ពោធិ៍សាត់) ៖ សាកសព​បុរស​ម្នាក់​ឈ្មោះ ប៉ក់ ខា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​រស់នៅ​ភូមិ​ចំការ​តា​ប៉ូ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ស្លាប់​ក្នុង​ទឹកស្រះ​ក្បែរ​ផ្ទះ​របស់​អ្នកស្រុក ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ និង​អាជ្ញាធរ​ចុះ​ដល់​កន្លែងកើតហេតុ ។

​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​១២​និង ៣០​នាទី​រសៀល​ថ្ងៃទី​២៣​មេសា​២០១៩​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​ពេញ​មួយថ្ងៃ លុះដល់​ថ្ងៃកើតហេតុ​ឈ្មោះ ហែ​ន ធឿន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​វាល​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង​ខេត្តពោធិ៍សាត់ បាន​ដើរទៅ​ស្រះ​ទឹក​របស់គាត់​ក្នុង​គោលបំណង​បំរុង​ដងទឹក ក៏​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្តែត​នៅក្នុង​ទឹកស្រះ​នោះ​តែម្តង រួច​នាំគ្នា​ផ្អើលឆោឡោ​ស្រែក​ឲ្យ​គេឯង​ជួយ​រហូតដល់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ភ្ញាក់ផ្អើល​និង​តាម​ការពិនិត្យ​ស្រាវជ្រាវ​ពី​ប្រភព​របស់​ជនរងគ្រោះ​គឺ​សមត្ថកិច្ច​សន្និដ្ឋានបាន​ថា ការស្លាប់​របស់គាត់​ប​ណ្តា​ល​មកពី​ស្រវឹងស្រា គាប់​ជួន​រដូវ​នេះ​ជា​រដូវក្តៅ​ផង ពេល​ស្រវឹង​ជនរងគ្រោះ​បាន​ចុះ​ងូតទឹក​ហើយ​គាំងបេះដូង​ខ្យល់គរ​បណ្តាល​ឲ្យ​ស្លាប់​បែបនេះ​តែម្តង ។​

​ក្រោយពេល​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ជំនាញ​រួចរាល់ សាកសព​ជនរងគ្រោះ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ដកស្រង់អត្ថបទដោយ ៖ កាម៉ង់ដូ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds