លោក កឹម សុខា ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង
ភ្នំពេញ៖ អតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ចាត់ទុកថាថ្ងៃ២៣ ខែតុលា ជាថ្ងៃដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង។ ការលើកឡើងបែបនេះក្នុងឱកាស រំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣ តុលា ១៩៩១។
តាមរយៈទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី២៣ តុលានេះ លោកកឹម សុខា បានអោយដឹងថា ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ថ្ងៃនេះ គឺជាថ្ងៃរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣ តុលា ១៩៩១ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ខ្មែរយើង។
លោកបន្ថែមថា យើងទាំងអស់គ្នាជាខ្មែរ ហើយក៏មានសហគមន៍អន្តរជាតិជាសាក្សី និងជួយជ្រោមជ្រែងផង ដែលយើងមិនអាចប្រកែកបានទេ ថាតើហេតុអ្វីបានជាមានកិច្ចព្រមព្រៀងជាអន្តរជាតិនេះ ហើយកិច្ចព្រមព្រៀងនេះ ភាគីខ្មែរយើងបានសន្យា និងមានកាតព្វកិច្ចធ្វើអ្វីខ្លះ? រៀបចំប្រទេសជាតិរបៀបណា? ហើយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីមានកាតព្វកិច្ចអ្វីដែរ?
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះថា យើងគួរគិតពិចារណា ពិនិត្យមើលមូលហេតុ កុំឲ្យជាន់ដានអាក្រក់ ហើយយើងត្រូវវាយតម្លៃនូវអ្វីដែលយើងបានសន្យា ថាតើអ្វីដែលធ្វើបានល្អប្រសើរហើយ និងអ្វីដែលជាកាតព្វកិច្ចទាំងភាគីខ្មែរ និងអន្តរជាតិមិនទាន់បានធ្វើ ឬធ្វើមិនទាន់បានត្រឹមត្រូវពេញលេញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានេះដែរលោកបានផ្តល់ទស្សនៈថា មានតែការរួបរួមគ្នារវាងខ្មែរនិងខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ យកស្មារតីនៃកិច្ចព្រមព្រៀងនេះ មកបន្តធ្វើនូវអ្វីដែលមិនទាន់សម្រេចបាន ដើម្បីឲ្យកាន់តែប្រសើរឡើង ជាជាងការយកប្រជាពលរដ្ឋខ្មែរ និងទឹកដីកម្ពុជា ដែលរងទុក្ខវេទនាជាច្រើនណាស់មកហើយ បម្រេីតាមមហិច្ឆតារៀងៗខ្លួនតទៅទៀត៕