សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើក្រុមប្រឆាំងថា បើចង់បានសន្ដិភាពខាងផ្លូវចិត្ត សូមកុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង នៅក្រៅប្រទេសថា បើចង់បានសន្ដិភាពខាងផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា គ្មានសង្គ្រាមឡើយ មានតែការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស នាំគ្នាលើកឡើងថា កម្ពុ ជាមិនទាន់មានសន្ដិភាព និងមិនទាន់មានសន្ដិភាពខាងផ្លូវចិត្ត បើចង់មានសន្ដិភាព ទាល់តែសន្ដិភាពទាំងអស់។

ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា បច្ចុប្បន្នកម្ពុជាគ្មានសង្គ្រាម និងមិនធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ដោយសារគ្រាប់កាំភ្លើងឡើយ ហើយកម្ពុជា ក៏មានសន្ដិភាពពេញលេញផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំនិយាយត្រឡប់ទៅវិញថា បើចង់មានសន្ដិភាពខាងផ្លូវចិត្ត កុំធ្វើអ្វីឲ្យ ខុសអាហ្នឹងសន្ដិភាពហើយ។ បើខ្លួនឯងធ្វើខុសច្បាប់ ខ្លួនឯងនៅតែភ័យខ្លាចរហូត ចឹងអត់មានសន្ដិភាព ខាងផ្លូវចិត្តទេ។ បើចង់មានសន្ដិភាពខាងផ្លូវចិត្ត ទាល់តែអ្នកឯងគោរពច្បាប់ កុំធ្វើខុសអាហ្នឹងសន្ដិភាព ខាងផ្លូវចិត្តហើយ»។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីមុនក្រុមប្រឆាំង តែងតែវាយប្រហារ មកលើរាជរដ្ឋាភិបាល រឿងទិញរថយន្តយោធា២៩០គ្រឿងពីចិន ដើម្បីបែងចែកឲ្យកងកម្លាំង ប្រដាប់ អាវុធសម្រាប់បម្រើ ដល់វិស័យការពារជាតិ។

សម្ដេចតេជោ បន្ថែមថា រថយន្តយោធា២៩០គ្រឿងទិញពីចិននោះ ឥឡូវនេះអ្វីៗបានបង្ហាញច្បាស់ ហើយ ពោលគឺរថយន្តទាំងនោះ ត្រូវបានយកមកប្រើប្រាស់ បម្រើផលប្រយោជន៍ និងសង្រ្គោះប្រជា ពលរដ្ឋ ក្នុងអំឡុងពេលជួបគ្រោះជំនន់ទឹកភ្លៀង និងបញ្ហាផ្សេងៗទៀត។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចលនាសប្បុរសជន ដើម្បីទិញឡានឲ្យកងទ័ព នគរបាល និងអាវុធហត្ថ ចំនួន២៩០គ្រឿង ព្រោះគេយកអាហ្នឹងវាយរាជរដ្ឋាភិបាល ចង់ងាប់ ចង់រស់ ។ប៉ុន្ដែឥឡូវនេះឡាននេះ វាបានបង្ហាញជូនប្រជាពលរដ្ឋកម្ពុជាថា ឡាននេះទន្ទឹមនឹងបំរើវិស័យការពារជាតិ វាជាប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពបែបនេះ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds