នគរបាលខណ្ឌច្បារអំពៅឃាត់ជនសង្ស័យម្នាក់ ប្រើកូនកាំបិតចុងស្រួចចាក់មនុស្ស បណ្តាលឲ្យរបួសធ្ងន់
(ភ្នំពេញ) ៖ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី២៣-០៤-២០១៩ ម៉ោង២០និង០០នាទីកម្លាំងនគរបាលប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើកូនកាំបិតចុងស្រួចចាក់មនុស្ស បណ្តាលឲ្យរបួសធ្ងន់។
ជនរងគ្រោះឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរជាងឈើ ស្នាក់ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះម៉ាន់ ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី ២៣-០៤-២០១៩ ម៉ោង២០និង០០នាទី ជនរងគ្រោះជិះម៉ូតូឌុបមិត្តភក្តិទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូសុំទឹកគេផឹក រួចជះទឹកទៅក្បែរកន្លែងជនសង្ស័យកំពុងដេកលើអង្រឹង ពេលនោះជនសង្ស័យសួរថា ម៉េចបងឯងជះទឹកដាក់កន្លែងខ្ញុំដេកអីចឹង? រួចក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំពោះរបួសធ្ងន់ រួចជនសង្ស័យរត់គេចខ្លួនយក កូនកាំបិតបោះចោលក្នុងព្រៃបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ច្បារអំពៅដេរ០៥ថ្នេរ ។ រហូតដល់ម៉ោង២១និង០០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់(ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)៕
(ប្រភពពី ផេកអគ្គស្នងការនគរបាលជាតិ)
ដកស្រង់អត្ថបទដោយ៖ ដារ៉ា