លោក ពេជ្រ ស្រស់ ព្រមានប្តឹងគណបក្សលោក ខឹម វាសនា បេីសិនមិនបញ្ឈប់សកម្មភាពមួលបង្កាច់គណបក្សយុវជន
(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានព្រមានដល់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងអ្នកនិយមគណបក្សនេះ ឱ្យបញ្ឆប់សកម្មភាពមួលបង្កាច់គណបក្សយុវជនកម្ពុជាជាបន្ទាន់ បើសិនជាមិនចង់ប្រឈមចំពោះមុខច្បាប់។
លោក ពេជ្រ ស្រស់ សរសេរនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ថា៖ «សូមក្រុមលោក ខឹម វាសនា និងអ្នកនិយមខាង LDP ចូលអានសារខ្ញុំឆ្លើយទៅ ពលពួកលោក ហើយសូមពិចារណាតាមការគួរផងចុះ ! កុំបំពានសិទ្ធិអ្នកដទៃ ហើយបញ្ឈប់សកម្មភាពមួលបង្កាច់បក្សយុវជនជាបន្ទាន់ បើមិនចង់ប្រឈមមុខចំពោះច្បាប់នោះទេ ពីព្រោះគណបក្សនយោបាយគឺមានសិទ្ធិ និងឆន្ទៈរៀងៗខ្លួន»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៅកាន់ LDP ទៀតថា៖ «បក្សរបស់អ្នកមិនអាចបង្ខំបក្សដទៃឲ្យធ្វើតាមការគិតរបស់បក្សអ្នកនោះឡើយ សូមធ្វើនយោបាយឲ្យថ្លៃថ្នូរ កុំបង្ខូចឈ្មោះបក្សអ្នកដទៃ ដើម្បីលើកខ្លួន»។
លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីសមាជិករបស់ គណបក្ស LDP បានប្រមាថគណបក្សយុវជនកម្ពុជា ចំពោះការវាយតម្លៃអំពីដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.ប ថា មានភាពរលូន និងល្អប្រសើរ៕