លោក កឹម សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមជួយរំលែកទុក្ខលំបាកទាំងស្មារតី និងសម្ភារ:ដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់
(ភ្នំពេញ)៖ អតីតប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា អំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និងសប្បុរសជនចូលរួមជួយរំលែកទុក្ខលំបាកទាំងស្មារតី និងសម្ភារ:ដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ័សាត់។
តាមរយៈទំព័រហ្វេសបុកលោកកឹម សុខា បានអោយដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមពត៌មានបានឲ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ័សាត់ ជាដើម ដែលស្ថានភាពបច្ចុប្បន្ននេះនៅមិនទាន់ធូរស្រាលនៅឡើយ។
លោកថា គ្រោះទឹកជំនន់នេះអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសអ្វីដែលខ្ញុំមានការព្រួយបារម្ភចំពោះមុខនេះ គឺផលប៉ះពាល់អាយុជីវិត សុវត្ថិភាព ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដំណាំ សត្វ ហើយនិងមុខរបបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា ទោះបីខ្ញុំពុំមានលទ្ធភាព និងសមត្ថកិច្ច ក្នុងការជួយសង្រ្គោះនូវផលប៉ះពាល់នៃទឹកជំនន់នេះក៏ដោយ ក៏ខ្ញុំសូមសម្តែងនូវសមានចិត្តចូលរួមដោយស្មោះ នូវកង្វល់និងការរំលែកទុក្ខលំបាករបស់បងប្អូនជនរួមជាតិនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះផងដែរ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសូមកោតសរសើរនិងលើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់លំដាប់ចំពោះការជួយសង្គ្រោះបងប្អូនដែលកំពុងតែរងគ្រោះនៅពេលនេះ។
ជាមួយគ្នានេះដែរលោកសូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ និងសប្បុរសជនចូលរួមជួយរំលែកទុក្ខលំបាកទាំងស្មារតីនិងសម្ភារ:ដល់បងប្អូនជនរងគ្រោះដោយទឹកជំនន់។ ជាពិសេស ខ្ញុំសូមបួងសួងឲ្យបងប្អូនជនរួមជាតិ មានសុវត្ថិភាពនិងរួចចាកផុតពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ៕