កម្ពុជា-អាមេរិក ពិនិត្យកិច្ចព្រមព្រៀមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឡើងវិញ
(ភ្នំពេញ) ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកពី ធ្វើការមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិកមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ តុលានៅទីស្តីការក្រសួង។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ បានធ្វើឱ្យការអនុវត្តការងារមាតុភូមិនិវត្តន៍ត្រូវបានផ្អាកមួយរយៈ។ លោកបានស្នើភាគីកម្ពុជា និងសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពរិះរកវិធីសាស្រ្តក្នុងការបន្តជំរុញអនុវត្តការងារនេះឱ្យមានវឌ្ឍនភាពបន្តទៅមុខទៀតដែរ។ សម្ដេចក្រឡាហោម ស ខេង បានជម្រាបលោកឯកអគ្គរដ្ឋទូតថា ជាគោលការណ៍ និងជាឆន្ទៈនយោបាយ គឺកម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ គឺនៅតែបន្តអនុវត្តនូវអ្វីដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពព្រមព្រៀងគ្នានារយៈពេលកន្លងមក។ សម្ដេចបានអះអាងទៀតថា “ទោះបីជាមានការខកខានដោយសារកូវីដ១៩ ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយមិនមានអ្វីប្រែប្រួលនោះទេ”។
មានពលរដ្ឋខ្មែរ មួយចំនួនដែលបានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកតំាងសម័យសង្រ្គាម ពិសេសនៅក្រោយរបបខ្មែរក្រហម ត្រូវបានរដ្ឋាភិបាលអាមេរិកចាប់បញ្ជួនមកកម្ពុជាវិញ ។ ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្លាប់រងការរិៈគន់ផងដែរ ដោយសារពលរដ្ឋទំាងអស់នោះ បានរស់នៅលើទឹកដីអាមេរិកច្រើនឆ្នាំ មិនចេះភាសាខ្មែរ លុះពេលត្រូបបញ្ជួនមកកម្ពុជា ពួកគាត់មានការលំបាកជាច្រើន ពិសេសបែកបាក់គ្រួសារដែលបានកកើតនៅលើទឹកដីអាមេរិកនោះ។ ចាប់តាំងពីឆ្នាំ២០០២មក ការធ្វើមាតុភូមិនិវត្តន៍នេះ មានពលរដ្ឋខ្មែរប្រមាណជាង ៥០០នាក់ហើយ ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក៕