មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ទាំងអស់ត្រូវបាន​ រាជរដ្ឋាភិបាល​ ផ្អាកដំឡេីងប្រាក់ខែក្នុងឆ្នាំ២០២១​ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងសុំការយោគយល់ជាមុន ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះទេ រក្សាទុកនូវអត្រាដដែលដូចឆ្នាំ២០២០ ដោយសារតែភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគអស់ទឹកប្រាក់ជាង៨៥លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ថាប្រាក់ខែសម្រាប់ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំបិណ្ឌ នៅឲ្យដដែល»។

ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យកាំប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍។ បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រៀមថវិកាប្រមាណ១០លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីដំឡើងកាំប្រាក់ចូលនិវត្តន៍នេះ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds