ក្រសួងបរិស្ថាន គ្រោងស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលដាក់ដេញថ្លៃរថយន្ត និងវត្ថុតាងដែលរឹបអូសពីបទល្មើសព្រៃឈើ ដើម្បីយកលុយចូលរដ្ឋ

(មណ្ឌលគីរី)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ពេលចុះបំពេញទស្សនកិច្ចស្វែងយល់គម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រថយន្តជាច្រើនរយគ្រឿង និងកំណាត់ឈើប្រណីតដែលរឹបអូសបានពីបទល្មើសព្រៃឈើ ត្រូវបានក្រសួងបរិស្ថានត្រៀមនឹងស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការដាក់ដេញថ្លៃ ដើម្បីប្រមូលថវិកាចូលរដ្ឋ នាពេលខាងមុខនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា រថយន្តទាំងនោះមានមួយចំនួនដែលនៅអាចប្រើប្រាស់បាន ក្រសួងបរិស្ថានត្រៀមនឹងស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដាក់ដេញថ្លៃ ដើម្បីប្រមូលថវិកាចូលរដ្ឋ។ កាលពីឆ្នាំ២០១៦ និង២០១៧ ថវិកាដែលបានពីការដាក់ដេញថ្លៃឈើត្រូវបានប្រគល់ជូនទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅថវិកានោះទៅសាងសង់សាលារៀន ព្រោះកន្លងមក ប្រជាពលរដ្ឋមួយចំនួនគាត់បានរិះគន់ថា នៅពេលចាប់បានបទល្មើសដូចជាឈើត្រូវដុតបំផ្លាញចោលនៅក្នុងព្រៃ។
បើតាមលោក ព្រំ វិបុលរតនៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា គិតត្រឹមឆ្នាំ២០១៩ សមត្ថកិច្ចបានរឹបអូសវត្ថុតាងពីការកាប់បំផ្លាញធនធានធម្មជាតិដោយខុសច្បាប់ចំនួន ៦៤៣ ករណី។ វត្ថុតាងដែលរឹបអូសបាននៅឆ្នាំ២០១៩ ទាំងនោះ រួមមាន អន្ទាក់ ១៧៥អន្ទាក់; កាំភ្លើងកែច្នៃចំនួន ៨; ធ្នូចំនួន ២; រណាយន្តចំនួន ២១៣; កាំបិតចំនួន ៥១; ពូថៅចំនួន ៣; ម៉ូតូចំនួន ១៤១; រថយន្ដកែច្នៃចំនួន ៤៨ និងគោយន្តចំនួន ២។

ដោយឡែកនៅឆ្នាំ ២០១៨ សមត្ថកិច្ចបានរឹបអូស អន្ទាក់ចំនួន ២៨៤អន្ទាក់; កាំភ្លើងកែច្នៃចំនួន ២៣; រណាយន្តចំនួន២៨០; កាំបិតចំនួន ២០; ពូថៅចំនួន៣; ម៉ូតូចំនួន ៩៥; រថយន្តកែច្នៃចំនួន៣១។ ជាមួយគ្នានេះ តាមរយៈការចុះបង្រ្កាបរបស់មន្ត្រីសមត្ថកិច្ច និងមន្ត្រីឧទ្យាននុរក្សបរិស្ថាននៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានឃាត់ខ្លួនជនល្មើសសរុប ចំនួន ៦៩ករណី។
សូមបញ្ជាក់ថា វត្ថុតាងរថយន្តដែលរឹបអូសបាន ក្នុងអំឡុងពេលបង្ក្រាបបទល្មើសព្រៃឈើនាពេលកន្លងមក មានប្រមាណជា ៥០០គ្រឿង, រណារយន្តប្រមាណ ៣,០០០គ្រឿង ដោយប្រមូលបានជាង១,០០០គ្រឿងក្នុង១ឆ្នាំៗ ក្នុងនោះបានយកទៅធ្វើរូបសំណាកដំរីយន្ត រួមទាំងម៉ូតូកែច្នៃ និងវត្ថុតាងជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds