ពលរដ្ឋក្រីក្រក្នុងវិបត្តិកូវីដ ត្អួញត្អែថា មាន​ប័ណ្ណ​ក្រ​ហើយ ​បើកប្រាក់​មិន​បាន ​គេ​ថា​ខុស​លេខ​កូដ

(កំពត) ៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ក្នុង​សម័យ​កូ​វី​ដ​១៩ ដែល​មាន​ប័ណ្ណ​ក្រ​ប្រភេទ​១ និង​ប្រភេទ​២ បាន​នាំ​គ្នា​មក​ពី​ភូមិ​ផ្សេង​ៗ ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ២០២០ ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ​ត្រពាំង​ភ្លាំង ជួយ​ដល់​ពួក​គាត់ ខណៈ​ពេល​ដែល​ពួក​គាត់​បាន​ប័ណ្ណ​ក្រីក្រ ដែល​អាជ្ញាធរ​ទទួល​ដឹង​ឮ​ថា​គ្រួសារ​គាត់​ក្រីក្រ​ហើយ ពេល​ទៅ​បើក​លុយ​នៅ​ធនាគារឯកជន​ជា​ច្រើន​ដង គេ​មិន​បើក​លុយ​ឱ្យ​ទេ ។

ស្ត្រី​ម្នាក់​ឈ្មោះ ប៉ាក់ ពៅ អាយុ​៥៤​ឆាំ្ន មក​ពី​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​ថា គាត់​មាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ ពេល​ទៅ​បើក​លុយ​ពី​ធនាគារឯកជន ដែល​នៅ​ជិត​ផ្ទះ​គាត់​ជា​ច្រើន​ដង​នៅ​តែ​បើក​មិន​បាន ។ គាត់​ពិតជា​ក្រីក្រ​ណាស់​មាន​ទាំង​ប័ណ្ណ​ហើយ​បើក​លុយ​មិន​បាន ។ ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ ស៊ន នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង មាន​ប័ណ្ណ​សមធម៌​របស់​រាជរដ្ឋាភិបាល​ដែរ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ពិនិត្យ​និង​ទទួលស្គាល់​ថា គ្រួសារ​គាត់​ពិតជា​ក្រីក្រ​ប្រាកដ​មែន ។ ពលរដ្ឋ​រូប​នោះ​បាន​និយាយរ​អូ​៊​រទាំ​ថា ខ្លួន​មាន​តែ​ប័ណ្ណ​សមធម៌ តែ​ទៅ​បើក​លុយ មិន​ដែល​បាន ទើប​មក​កាន់​សាលាឃុំ​ឱ្យ​ខាង​មន្ត្រីឃុំ​បញ្ជាក់​ពី​មូលហេតុ ។

មន្ត្រី​ជំនួយការ​ឱ្យ​រដ្ឋបាល​សាលាឃុំ​ត្រពាំង​ភ្លាំង លោក ហែម ម័​យ និយាយ​ថា​ប័ណ្ណ​របស់​ពលរដ្ឋ​នោះ​ពិតជា​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ប៉ុន្តែ​ពួក​គាត់​មានការ​ផ្ទៀងផ្ទាត់​សា​ជា​ថ្មី​ជាមួយ​និង​លេខ​កូដ​នៅ​តាម​ធនាគារឯកជន ។ លោក ហែម ម័​យ និយាយ​ថា លោក​នឹង​យក​បញ្ហា​នេះ​ទៅ​ដាក់​ជួន​ខាង​មន្ទីរ​ជំនាញ​ឱ្យ​គាត់​ជួយ​ចាត់ចែង​ក្នុង​រឿង​នេះ ។
ពលរដ្ឋ​ដែល​នាំ​គ្នា​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ​នេះ​មាន​គ្នា​ប្រមាណ​៨០​នាក់ ដែល​អ្នកខ្លះ​ថា​ធ្លាប់​បើក​បាន ខ្លះ​ថា​បើក​មិន​បាន ដោយសារ​តែ​បញ្ហា​ផ្តល់​លេខ​កូដ​មិន​ច្បាស់លាស់ ។ តាម​មន្ត្រីឃុំ​ថា ពលរដ្ឋ​មាន​បញ្ហា​តែ​នៅ​ឃុំ​ត្រពាំង​ភ្លាំង​នេះ​មួយ​ទេ ក្នុង​ខេត្តកំពត ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds