កម្លាំងនគរបាលតាមបង្ក្រាបបាន ជនសង្ស័យ៤នាក់ នៅខណ្ឌទួលគោក ក្រោយភ្ជង់ប្លន់យកទូរស័ព្ទអ្នករត់ម៉ូតូបី នៅខណ្ឌ៧មករា

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ អំពើលួច ឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានតាមបង្ក្រាបជនសង្ស័យចំនួន៤នាក់ នៅខណ្ឌទួលគោក ក្រោយពួកគេបានធ្វើសកម្មភាពភ្ជង់ប្លន់យកទូរស័ព្ទដៃ ២គ្រឿងបានសម្រេច ពីអ្នករត់ម៉ូតូកង់បី នៅទឹកដីខណ្ឌ៧មករា។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានគោលដៅចុះជួយខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោងជាង១យប់ ឈានចូលនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ លេខ៩Eo ផ្លូវ២២១ ក្រុម ៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទចំនួន២គ្រឿង នៅបុរីកីឡា ក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា។

របាយការណ៍របស់ប្រធានគោលដៅខណ្ឌទួលគោក បានបញ្ជាក់ទៀតថា ជនសង្ស័យឃាត់ខ្លួនបានមាន ទី១៖ឈ្មោះ អ៉ឹង ឡាយហុក អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ ម៉ៅ រស្មី អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ សៅ សុផល ភេទស្រី អាយុ១៧ឆ្នាំ និងទី៤៖ ឈ្មោះ គង់ ចន្ធូ ភេទស្រី អាយុ១៦ឆ្មាំ។

លោកបានបន្ថែមថា ក្រោយពេលធ្វើសកម្មភាពប្លន់ ជនរងគ្រោះនៅសង្កាត់វាលវង់ បានសម្រេចជនស្ស័យបានរត់គេច ខ្លួនមកជួលបន្ទប់លេខ២០២ ជាន់ទី២ផ្ទះ សំណាក់ហេង ហួរ ផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូ ទី៣ តែដោយទូរស័ព្ទរបស់ជនរគ្រោះបានភ្ជាប់ប្រព័ន្ធ GPS ក៏បានតាមមកសហការជាមួយ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់តែម្ដង។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds