លោក អ៊ិន សុភិន ទាត់ចោលការរិះគន់បែបជាន់ពន្លិច ក្រោយបុគ្គលមួយចំនួននិយាយថា កម្មវិធី «Miss Grand Cambodia» មានបរិយាកាសអវិជ្ជមានច្រើន

(សង្គមសិល្បៈ)៖ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ បានបង្ហាញប្រតិកម្មខ្លាំងៗ តបនឹងអ្នករិះគន់មួយចំនួន ដែលលើកឡើងថា កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ ទើបតែបានបញ្ចប់ថ្មីៗនេះ មានបរិយាកាសអវិជ្ជមានច្រើន និងថាក្រុមការងាររបស់លោកធ្វើឲ្យមានភាពអាម៉ាស់ក្នុងក្រសែភ្នែកអន្តរជាតិ។ លោក អ៊ិន សុភិន អះអាងថា លោកស្វាគមន៍រាល់ការរិះគន់បែបស្ថាបនា តែចំពោះការរិះគន់បែបមាក់ងាយ និងជាន់ពន្លិច មកលើការប្រឹងប្រែងរបស់លោក និងក្រុមការងារ គឺមិនទទួលយកនោះឡើយ។

លោក អ៊ិន សុភិន បាននិយាយថា កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ ទម្រាំតែដើរដល់ទីបញ្ចប់ គឺម្នាក់ៗពិបាកគ្រប់គ្នា ទាំងក្រុមការងារ និងបេក្ខនារីផ្ទាល់។ ក្នុងនោះបរិយាកាសនៃការរៀបចំ ក៏មិនស្រួលនោះដែរ ដោយសារតែបញ្ហាកូវីដ១៩។ តែយ៉ាងណាកម្មវិធីមួយនេះ នៅតែបញ្ចប់បានជោគជ័យ ក្រោមការខិតខំប្រឹងប្រែងពីក្រុមការងារគ្រប់ផ្នែក។ អ្នកខ្លះថាលោក មិនព្រមយកពិធីករ-ពិធីការិនីខាងក្រៅ ដែលមានជំនាញ និងយល់ច្បាស់ពីកម្មវិធីទាំងមូល ឲ្យមកអត្ថាធិប្បាយ។ លោក អ៊ិន សុភិន បន្តថា ពិធីករ-ពិធីការិនី គឺពួកគាត់ជាក្រុមការងាររៀបចំ ដូច្នេះបើមិនលើកទឹកចិត្តអ្នកទាំងពីរ ក៏កម្មវិធីទាំងមូលមិនអាចមានថ្ងៃនេះដែរ។ ពាក់ព័ន្ធនឹងអ្នកថាកម្មវិធីរបស់លោក រញ៉េរញ៉ៃពេលប្រគល់ពាន លោកថា វាមិនមែនជារឿងចម្លែកនោះទេ ព្រោះនេះគឺជាបទពិសោធន៍លើកដំបូង ហើយកំហុសដែលបានកើតឡើងក៏ជារឿងអចេតនាតែប៉ុណ្ណោះ។ ក្នុងនោះមានឧបសគ្គជាច្រើនផ្សេងទៀត កើតឡើងដូចជា បីថ្ងៃមុនប្រកួតស្តាតអូឡាំពិក បែរជាប្រកែកមិនឲ្យរៀបចំ ដោយលើកហេតុផលថាខ្លាចផ្ទុះកូវីដ១៩។ ដូច្នេះហើយទើបធ្វើឲ្យប្រព័ន្ធឆាកទាំងភ្លើង ដែលបានត្រៀមជាស្រេចនៅស្តាតអូឡាំពិក មិនអាចរើយកមករៀបនៅទីតាំងថ្មីបាន សូម្បីតែប្រព័ន្ធអុបតិចសម្រាប់ផ្សាយបន្តផ្ទាល់ ទៅប៉ុស្តិ៍លេខ៥ ក៏មិនអាចរើមកទីតាំងថ្មីទាន់ពេលវេលាដែរ ដែលជាហេតុធ្វើឲ្យការផ្សាយបន្តផ្ទាល់មានបញ្ហា និងនាំឲ្យពន្យាពេលកម្មវិធី។ បន្ថែមពីនេះ បេក្ខនារីដែលគ្រងឈុតបុរាណភាគច្រើន ក៏ត្រូវវិញ្ញាណសណ្ធិតមិនអាចឡើងឆាកបានតាមម៉ោងកំណត់ ដែលកត្តានេះសុទ្ធតែបង្កឲ្យកម្មវិធីត្រូវរយាល ព្រោះត្រូវការពេលវេលាដោះស្រាយ។
គួរជម្រាបថា កម្មវិធី «Miss Grand Cambodia» ឆ្នាំ២០២០ គឺបានបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយរកឃើញម្ចាស់ជយលាភី គឺបានទៅលើបេក្ខនារីតំណាងខេត្តកំពង់ធំ កញ្ញា សេង រដ្ឋា។ បន្ទាប់ពីទទួលជ័យលាភី បានក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី «Miss Grand Cambodia» ២០២០ កញ្ញា សេង រដ្ឋា នឹងធ្វើតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International» ឆ្នាំ២០២០ នៅក្នុងប្រទេសវ៉េណេហ៊្សយអេឡា នៅអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds