ក្រសួងសុខាភិបាល សូមអោយពលរដ្ឋមានការប្រុងប្រយ័ត្នពីផ្ទុះជំងឺគ្រុនឈីក និងប្រាប់ពីវិធានការការពារ ព្រោះពេលនេះ នៅកម្ពុជាមានមនុស្សជិត៦ពាន់នាក់ សង្ស័យកើតជំងឺគ្រុនឈីក

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានព្រមានពីការផ្ទុះជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ក្រោយរកឃើញថា រហូតមកដល់ពេលនេះ មានមនុស្សសរុបចំនួន៥,៩៩៨នាក់ កំពុងសង្ស័យមានជំងឺនេះ ភាគច្រើននៅខេត្តសៀមរាប តាកែវ និងព្រះវិហារ។ ក្រសួងសុខាភិបាល បញ្ជាក់ថា ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម បង្ហាញថា ៥៤ភាគរយ នៃករណីទាំងនោះជាមនុស្សពេញវ័យ ៣១ភាគរយ, ជាកុមារអាយុ៥ឆ្នាំឡើង និង១៥ភាគរយ ជាកុមារអាយុក្រោម៥ឆ្នាំ។
ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានប្រាប់ពីវិធានការការពារជំងឺគ្រុនឈីកនេះផងដែរ រួមមាន៖
*វិធានការទី១៖ អាណាព្យាបាល មាតាបិតា កុមារាកុមារី គ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោក ដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ្រ ត្រូវកប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
*វិធានការទី២៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់ របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស មកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃ វែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែង ងងឹតៗនោះទេ។
*វិធានការទី៣៖ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាល របស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកបំផុត ហើយសូមកុំសាកល្បង ព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺ ក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈឺក ឬគ្រុនឈាមនេះឱ្យសោះ។
*វិធានការទី៤៖ គ្រប់អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ ត្រូវយកចិត្តទុកដាក់ ចាត់ចែងការត្រួតពិនិត្យការអនុវត្តវិធានការ ខាងលើនេះ ឱ្យបានហ្មត់ចត់ និងត្រូវផ្តល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺ គ្រុនឈីក និងគ្រុនឈាម នៅក្នុងមន្ទីរពេទ្យឱ្យបានល្អ ហើយត្រូវបញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យផ្សេងទៀត ក្នុងករណីដែលមាន អ្នកជំងឺគ្រុនឈើក ។
*វិធានការទី៥៖ គ្រប់មន្ទីរសុខាភិបាលរាធានី-ខេត្តទាំង២៥ ត្រូវជំរុញដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញ ការផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈីក ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds