អ្នកនិពន្ធបទភ្លេងនៅផលិតកម្ម Galaxy ត្រៀមចេញទៅផលិតកម្មហង្សមាស

(សង្គមសិល្បៈ)៖ នៅពេលរម្លឹកដល់បទចម្រៀង ចូលដណ្តឹងអូនទៅ មហាជនច្បាស់ជាបានដឹង និងស្គាល់គ្រប់គ្នាហើយថា បទនេះ ជាសំនៀងរបស់តារាស្រី កញ្ញា តន់ ច័ន្ទសីម៉ា ខណៈបច្ចុប្បន្ននាងកំពុងទាញបានប្រជាប្រិយភាពក្នុងផលិតកម្មGalaxy។ ចំណែកឯអ្នកនិពន្ធភ្លេង “Music Composer”ក៏មានទស្សនិកជនស្គាល់ច្រើនផងដែរ។
គេស្គាល់ថា អ្នកនិពន្ធបទភ្លេង “Music Composer” ដែលធ្លាប់សាងស្នាដៃនៅផលិតកម្មធំៗ និងជួយឲ្យតារាជាច្រើនបានល្បី លោកមិនសូវចេញមុខមាត់ទេ។ ទន្ទឹមគ្នានេះដែរ លោក Tho Meet ដែលសព្វថ្ងៃជាអ្នកនិពន្ធបទភ្លេងនៅផលិតកម្ម Galaxy ថ្មីៗនេះស្រាប់តែធ្លាយដំណឹងដ៏រសើបថា លោកកំពុងត្រៀមខ្លួនចាកចេញពីផលិតកម្ម Galaxy ចូលទៅផលិតកម្មរស្មីហង្សមាស នាពេលឆាប់ៗនេះ។

ប្រភពពីអ្នកសិល្បៈដែលស្និទ្ធស្នាលជាមួយលោក បានបង្ហើបឲ្យដឹងថា លោក Tho Meet មានមិត្តភ័ក្ដិមួយចំនួននៅហង្សមាស។ ពួកគេចង់ឲ្យលោកទៅរួមការងារនៅហង្សមាស ព្រោះផលិតកម្មធំនេះមានតារាច្រើន និងត្រូវការអ្នកនិពន្ធបទភ្លេងដែលមានសមត្ថភាពដូចលោក។ ខណៈដែលលោកផ្ទាល់ ក៏មានចំណាប់អារម្មណ៍ទៅទីនោះផងដែរ។
ជុំវិញព័ត៌មាននេះដែរ លោក Tho Meet បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយខ្លីថា លោកមិនចង់ធ្វើការបកស្រាយរឿងនេះទេ និងសូមឲ្យអ្នកសារព័ត៌មានរង់ចាំមើលសិនទៅ។លោក Tho Meet ធ្លាប់បាននិពន្ធបទភ្លេង បទល្បីៗមួយចំនួននៅផលិតកម្ម Galaxy មានដូចជាបទ” ចូលដណ្ដឹងអូនទៅ”, “ចង់លក់ផ្ទះចោល” និងបទ “កាកសង្សារ” ជាដើម។ សូមជម្រាបដែរថា លោក Tho Meet ត្រូវបានគេស្គាល់ថាជាអ្នកនៅពីក្រោយ នៃការធ្វើភ្លេងឲ្យតារាល្បីៗជាច្រើនមកហើយ ខណៈកន្លងមកលោកធ្លាប់និពន្ធបទភ្លេងនៅផលិតកម្មសាន់ដេ និងថោន មុនចូលទៅផលិតកម្ម Galaxy រយៈពេលជិត១ឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds