អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធចំពោះការអត្ថាធិប្បាយមិនទទួលស្គាល់ការពិតរបស់ លោក អេង ឆៃអ៊ាង
ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការបដិសេធចំពោះការលើកឡើងរបស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយជាប់បម្រាមតុលាការកម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស ដោយបានធ្វើអត្ថាធិប្បាយក្នុងវិទ្យុបរទេសមួយ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយនិយាយបំផ្លើស មិនទទួលស្គាល់ការពិត ក្នុងន័យចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាអ្នកគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយទៅវិញ។ ការអធិប្បាយនេះបានបញ្ជាក់អោយឃើញពីចរិតពិត នៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញ នូវសមិទ្ធផល និងស្នាដៃ ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក។
ក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់បន្ថែមថា ប្រសិនដូចទៅនឹងអ្វីតាមការលើកឡើងរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងមែននោះ រាជរដ្ឋាភិបាលមិនអាចស្ថិតនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ហើយក៏មិនអាចកសាងប្រទេសអោយរីកចម្រើន និងរក្សាបានសន្តិសុខ សន្តិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ។
ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយរបស់ឈ្មោះ អេង ឆៃអ៊ាង គឺជាសំដីភូតកុហក គ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយអោយលឺសំលេង និងកុំអោយតែគូកន និងបក្សពួករបស់ខ្លួនបំភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ៕
ដោយ៖ នាយកដ្ឋានព័តមានវិទ្យា