មានអាជីវកម្មមួយនៅវៀតណាម បានយកស្រោមអនាម័យដែលប្រើរួចទៅសម្អាតដើម្បីដាក់លក់ឡើងវិញ

 

 

(វៀតណាម)៖ អាជ្ញាធរផ្សារក្នុងខេត្ត Binh Duong ប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងមកនេះ រឹបអូសបានស្រោមអនាម័យជាង៣២ម៉ឺន ដែលមានទម្ងន់ប្រមាណ៣៦០គីឡូក្រាម នៅទីតាំងមួយកន្លែងក្នុងស្រុក Tan Uyen ។ យោងតាមការផ្សាយរបស់ VN Express ស្រោមអនាម័យទាំងនោះ សុទ្ធតែត្រូវបានប្រើប្រាស់រួចហើយ ដោយឈ្មួញយកទៅសម្អាតដើម្បីលក់ឡើងវិញក្នុងទីផ្សារ។

មុនឈានដល់ការរឹបអូស សមត្ថកិច្ចមូលដ្ឋាន បានបើកការស៊ើបអង្កេត ក្រោយរកឃើញថា ផលិតផលស្រោមអនាម័យនៅផ្សារ Binh Duong នោះ គ្មានម៉ាកយីហោរ និងលិខិតអនុញ្ញាតអាជីវកម្មត្រឹមត្រូវនោះឡើយ។ ទីតាំងដែលសម្អាតស្រោមអនាម័យនោះ មានស្ត្រីឈ្មោះ Pham Thi Thanh Ngoc អាយុ៣៣ឆ្នាំ ជាអ្នកជួល។ ក្នុងចម្លើយសារភាពរបស់ខ្លួន Thanh Ngoc បានបញ្ជាក់ថា ជារៀងរាល់ខែ ខ្លួនទទួលបានស្រោមអនាម័យដែលប្រើប្រាស់រួចរាប់ពាន់ពីសំណាក់មនុស្សមិនស្គាល់ឈ្មោះម្នាក់។ ក្រោយទទួលបាន គាត់បានយកស្រោមអនាម័យទៅសម្ងួតភ្លាមៗ ហើយយកវាទៅបំពាក់លើលឹង្គសិប្បនិម្មិតដើម្បីធ្វើឲ្យដូចរូបភាពដើម រួចកែច្នៃបន្តឲ្យដូចជាស្រោមអនាម័យថ្មី មុននឹងយកទៅលក់។

នាអំឡុងនៃប្រតិបត្តិការ សមត្ថកិច្ចរឹបអូសបានស្រោមអនាម័យប្រមាណ៣២៤ ០០០ ដែលមានទម្ងន់៣៦០គីឡូក្រាម រួមទាំងកៅស៊ូដែលបានប្រើប្រាស់រួច ក៏ដូចជាឧបករណ៍សម្រាប់កែច្នៃមួយចំនួន ដែលសុទ្ធតែមិនមានម៉ាកសម្គាល់ត្រឹមត្រូវ។ បើតាម VN Express សមត្ថកិច្ចវៀតណាម មិនបានបង្ហាញព័ត៌មានលម្អិតឡើយទាក់ទងនឹងប្រតិបត្តិការរបស់ខ្លួន ដោយរង់ចាំលទ្ធផលស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដោយអ្នកទាំងនោះ សុទ្ធតែប្រឈមជាប់ពន្ធនាគារពីបទផលិតផលិតផលក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds