រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ដើម្បីសម្តែងការគួរសម និងរាយការណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai ជាអនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងរាយការណ៍។
ក្នុងជំនូបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថា វិស័យកសិកម្មដែលគាំទ្រដោយ JICA រួមមាន ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ហើយថ្មីៗនេះជួយសហការជាមួយក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយក្រសួងដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ទាំងអស់នេះ វាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក្នុងនោះមានវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវ។
លើសពីនេះ វិស័យកសិកម្មកំពុងតែពង្រីកសក្តានុពលផលិតតាមរយ:ការធ្វើទំនើបកម្មកសិកម្ម ដោយបច្ចូលនូវបច្ចេកវិទ្យាសមស្រប ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងរាយការណ៍ជួនជ្រាបដោយ សង្ខេបអំពីលទ្ធផលបឋមនៃការអនុវត្តគម្រោងចំនួន៣ គឺទី១ គម្រោងស្តីពី “ការផលិតពូជស្រូវ” ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងទី២ ៖ “ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត” និងគម្រោងទី៣ “ការការពារ និងអភិរក្សបរិស្ថាន” ដែលសហការអនុវត្តជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ លោកស្រីបានជម្រាបជូនថា គម្រោងទាំង៣ នឹងចាប់ដំណើរការនៅតុលា ខាងមុខនេះ ហើយមានក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds