សម្តេចយាយស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «បណ្ណាល័យសម្តេចម៉ែ» នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះដែលត្រូវបានផ្តួចផ្តើមឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចម៉ែដែលជា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពគាំពារការសិក្សាស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងសិល្បៈសហសម័យនៃប្រទេសកម្ពុជា។

នៅក្នុងពិធីសម្ពោធដ៏ឧត្តុងឧត្តមនេះ ក៏មានការដាក់តាំងពិព័រណ៍ពិសេសចំនួនពីរ គឺ៖
១) ព្រះឆាយាលក្ខ័ណ៍របស់សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ
២) ការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយស្ថាបត្យករលំដាប់ពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ

«បណ្ណាល័យសម្តេចម៉ែ» បានបង្កើតឡើងជាផ្លូវការដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានខិតខំប្រឹងប្រែងដើម្បីសម្តេចព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ក៏ដូចជាដើម្បីប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា។

«បណ្ណាល័យសម្ដេចម៉ែ» មានតម្កល់ទុកសមុច្ច័យជាសៀវភៅ ប្រមាណជាង ៣០០០ក្បាល និងឯកសារចំនួន២៨០០ប្រអប់ ដែលប្រមែប្រមូលដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំនៃការងារចងក្រងកត់ត្រាឯកសាររបស់លោកស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ លោកឯកអគ្គរាជទូតបណ្ឌិត ជែលដ្រេស បានបរិច្ចាគដោយសប្បុរសនូវសមុច្ច័យដ៏ធំធេងនេះដល់មជ្ឈមណ្ឌលឯកសារកម្ពុជា នាចុងឆ្នាំ២០១៩។

ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្តេចម៉ែ រួមមានសៀវភៅជាច្រើនទៀតស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)យ៉ាងហោចណាស់១លាន៧សែនទំព័រ ដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង២០ឆ្នាំកន្លងមក។

ទន្ទឹមនឹងនេះ «បណ្ណាល័យសម្តេចម៉ែ» ថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀតដូចជា រូបថត ភាពយន្ត និងខ្សែអាត់សម្លេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពត ដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់។

«បណ្ណាល័យសម្ដេចម៉ែ» គឺមិនមែនគ្រាន់តែជាទីតាំងសម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តែប៉ុណ្ណោះនោះទេ។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការថ្វាយ និងជូនបណ្ណាល័យនេះ ជាកេរដំណែលរបស់សម្តេចម៉ែ និងស្ត្រីកម្ពុជាគ្រប់រូប។ ស្ដោយហេតុថា ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែង ដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នេះសបញ្ជាក់ឲ្យឃើញថា ស្ត្រីកម្ពុជា គឺជានិមិត្តរូប នៃដួងព្រលឹងជាតិកម្ពុជា។

ដូច្នេះ «បណ្ណាល័យសម្ដេចម៉ែ» បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ក្នុងអំឡុងព្រះរាជដំណើរទស្សនកិច្ចរបស់ទ្រង់ សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដែលមិនអាចកាត់ថ្លៃបាន រួមមាន សៀវភៅ មេដាយ លិខិតសរសើរ គ្រឿងឥស្សរិយយស និងសម្បត្តិផ្ទាល់ព្រះកាយដ៏មានតម្លៃរបស់ទ្រង់ដល់បណ្ណាល័យ ដើម្បីឲ្យសាធារណជនបានទស្សនា សិក្សា និងយល់ដឹងអំពីតម្លៃ។ ដោយគ្មានមន្ទិលសង្ស័យ បណ្ណាល័យសម្ដេចម៉ែ គឺជាធនធានជាតិដ៏មានសារៈសំខាន់ សម្រាប់ការអប់រំសាធារណជននិងយុវជននាពេលបច្ចុប្បន្ន និងជាច្រើនជំនាន់តទៅមុខទៀតនាពេលអនាគត។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានក្រាបបង្គំចូលគាល់ព្រះវររាជមាតា និងរាជវង្សានុវង្ស ដើម្បីប្រកាសថ្វាយឈ្មោះនេះជាផ្លូវការ។ ក្រោយមកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រីព្រះវររាជមាតា ទ្រង់បានសព្វព្រះរាជហឫទ័យរាជានុញ្ញាតឲ្យប្រើប្រាស់ឈ្មោះបណ្ណាល័យនេះតែម្តង៕

ប្រភព៖ The Sleuk Rith Institute

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds