ឯកឧត្ដមឧត្តមសេនីយ៍ឯក សុខ ខេមរិន អនុប្រធានកណ្តាល នគរបាលយុត្តិធម៌ និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១៣ នៅវត្ត បទុមវ័ន ហៅវត្តក្រាំងក្រូច
(កំពង់ស្ពឺ) ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក សុខ ខេមរិន អនុប្រធានកណ្តាល នគរបាលយុត្តិធម៌ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវ័ន ហៅវត្តក្រាំងក្រូច ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពេី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយផងដែរ ។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ក៏បាននាំយកទេយ្យវត្ថុដែលរួមមាន៖ ទឹកក្រូច ត្រីខ អង្ករ មី ទឹកផ្លែឈើ នំអន្សម ទឹកដោះគោ ទឹកសុទ្ធ រួមទាំងមានបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃផងដែរ។
ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម ពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាពលរដ្ឋប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលមានរយៈពេល១៥ថៃ្ង ។
យោងតាមចាស់ព្រឹទ្ធាចារ្យ និងព្រះសង្ឃដែលគង់នៅវត្ត មានសង្ឃដីការប្រាប់អោយដឹងថា ជារៀងរាល់ឆ្នាំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើឡេីងរយៈពេល១៥ថ្ងៃ នៅតាមទីវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ និងក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅវត្ត តែងតែមានប្រជាពលរដ្ឋពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី លោកតា-លោកយាយជាច្រេីន បាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។