សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយ ដោយទទួលដំណឹង ក្រសួងសុខាភិបាល ចំពោះការព្យាបាលជាសះស្បើយ អ្នកជំជឺកូវីដ ចុងក្រោយ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីរីករាយជាមួយនឹងដំណឹង ដែលបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចុងក្រោយ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង»។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោ នៅតែអំពាវនាវដល់ ប្រជាជនកម្ពុជា បន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩ និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។
សម្តេចតេជោ បានជូនពរដល់បងប្អូនជនរួមជាតិ ធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស៕