រដ្ឋាភិបាលសម្រេចដោះដូរតុលាការភ្នំពេញ និងសាលាឧទ្ធរណ៍ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ
(ភ្នំពេញ) ៖យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលសម្រេចធ្វើការផ្លាស់ប្តូរទីតាំង សាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍-មហាអយ្យការអមសាលាឧទ្ធរណ៍ ទៅទីតាំងថ្មីនៅឯសង្កាត់ព្រែកលៀប ក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុន OCIC វិញ។
សេចក្តីជូនដំណឹងពីការអនុញ្ញាតឲ្យមានការយល់ព្រមក្នុងការដោះដូរនេះ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយ លោករដ្ឋលេខាធិការ សុក ផេង បានបញ្ជាក់ថា ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ-នីហរ័ណ ជាអ្នកទទួលសិទ្ធិសាងសង់ អគារតុលាការថ្មីនេះ ជាថ្នូរទទួលបានទីតាំងចាស់សាលាដំបូងរាជធានីភ្នំពេញ។
ក្រុមហ៊ុន ខាងលើនេះ នឹងចំណាយលើការសាងសង់អគារសាលាយុត្តិធម៌ ហើយនឹងទទួលបានទីតាំងចាស់នៃសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង១,៧ពាន់ម៉ែត្រការ៉េ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ចំណែកទីតាំងចាស់នៃសាលាឧទ្ធរណ៍ ដែលស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានបញ្ជាក់ថាការដោះដូរនេះនឹងផ្តើមនៅពេលណាហើយការសាងសង់អគារតុលាការថ្មីនឹងត្រូវបញ្ចប់ពេលនោះឡើយ៕