ទូត USA ៖ ឆ្នាំ២០១៩ ទំនិញកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានទំហំជាង$៥ពាន់លាន

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយ សម្រាប់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក នូវទំនិញដែលមានតម្លៃជាង៥ពាន់លានដុល្លារ។
ថ្លែងក្នុងពិធីអបអរសាទរ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងសហរដ្ឋអាមេរិក នាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក Patrick Murphy បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចកំពុងមានការកើនឡើង ដោយមានផលិតផល និងអ្នកវិនិយោគថ្មីៗ របស់អាមេរិកកំពុង ចូលមកទីផ្សារកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា រូបនេះថា ក្រុមហ៊ុនអាមេរិក កំពុងនាំមកនូវការវិនិយោគប្រកបដោយ តម្លាភាព និងគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាថ្នាក់ពិភពលោក និងកម្មវិធីបណ្ដុះបណ្ដាល ជាមួយនឹងស្តង់ដាការងារ និងបរិយាកាសបរិស្ថានខ្ពស់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ច សម្រាប់មនុស្សទាំងអស់គ្នា។
លោកបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទំនិញរាប់ពាន់មុខ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បង្កើតឲ្យមានការងារ ធ្វើជាច្រើនសម្រាប់អ្នកធ្វើការ និងជម្រើសច្រើនសម្រាប់អតិថិជន នៅក្នុងប្រទេសទាំងពីរ។ ផលិតផលសំខាន់ជាងគេ ដែលសហរដ្ឋអាមេរិកនាំចូលមកកម្ពុជា មានរថយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។
លោកបន្ថែមថា សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ដែលជាការធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥,០០០មុខ។
លោក Patrick Murphy បានបន្ថែមទៀតថា នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៩។ ហើយឆ្នាំ២០១៩ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុប ចំនួន៥.៣៦ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds