លោក កឹម សុខា ស្នើឲ្យតុលាការទម្លាក់ការចោទប្រកាន់ ដើម្បីមានសិទ្ធិធ្វើនយោបាយ ដើម្បីចូលរួមដោះស្រាយបញ្ហាជាតិ

ភ្នំពេញ៖ អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបគាត់ ដើម្បីលោកមានឱកាសវិលមកធ្វើនយោបាយ ចូលរួមដោះស្រាយបញ្ហាជាតិ បញ្ហាជីវភាពពលរដ្ឋ ដែលកំពុងជួបប្រទះធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ១៩។

សរសេរនៅក្នុងទំព័រហ្វេសបុក Facebookលោកកឹម សុខា បានលើកឡើងថា« ខ្ញុំជឿជាក់ថា មានមតិជាតិ មតិអន្តរជាតិ ជាពិសេសសមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏ដូចជាចៅក្រមផងដែរ បានយល់និងទទួលស្គាល់ ថាខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើហិង្សាឡើយ» ។

លោកបន្តថា «ឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈ នៃស្ថានភាពបច្ចុប្បន្ននេះ និងទៅអនាគត» ។

លោក កឹម សុខា បានលើកឡើងថា រហូតមកដល់ថ្ងៃនេះ គឺ០២ ខែកញ្ញា នេះ អស់រយៈពេលបីឆ្នាំហើយ ដែលលោកបាត់បង់សិទ្ធិ សេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះ។

លោកថា «ប្រឈមនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបប្រទះការរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រទេសជាតិយើងត្រូវការជាចាំបាច់នូវការបោះជំហានវិជ្ជមាន ជាជាងការជាប់មន្ទិលសង្ស័យនៃភាពអវិជ្ជមានណាមួយ។ កាលៈទេសៈនេះ ខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយខ្ញុំគួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺ «ជីវភាពប្រជាពលរដ្ឋខ្មែរ» ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក» ។

លោកកឹម សុខា ត្រូវបាននគរបាលចាប់ខ្លួន កាលពីពាក់កណ្ដាលអាធ្រាធយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ ថាបានប្រព្រឹត្ត «អំពើក្បត់ជាតិ» ឃុបឃិតជាមួយរដ្ឋបរទេស តែលោកបានបដិសេធ។

លោក កឹម សុខា បន្ថែមថា «ឆ្លងតាមសវនាការនៅតុលាការកន្លងមក មើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទខ្ញុំថា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ ហើយក្នុងនោះ ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់ លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត ខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds