រដ្ឋមន្ត្រីកសិកម្មចុះលើកទឹកចិត្តផ្ទាល់ ដល់កសិករគំរូលេខ២ទូទាំងប្រទេសខាងដាំបន្លែ
សៀមរាប៖ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យនិងលើកទឹកចិត្តលោកឈាវ ហុង ជាកសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ។
លោកឈាវ ហុង ជាកសិករគំរូផ្នែកដំណាំបន្លែ។ លោកមានទីលំនៅ ភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប។
លោកឈាវ ហុង បានរៀបរាប់ប្រាប់លោករដ្ឋមន្ត្រី អំពីប្រវត្តិអាជីពដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រី ដែលលោកបានអនុវត្តជាបន្តបន្ទាប់មក។ ពីមួយឆ្នាំទៅមួយឆ្នាំអាជីវកម្មនេះមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ដោយសារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ និងគម្រោងកម្មវិធីផ្សេងៗបានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ជំរុញឲ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជ របស់លោកទទួលបានជោគជ័យ។
លោកថាការផ្តើមការងារកសិកម្មដំបូងជាមួយពីផ្ទៃដីតែ១ហិកតាប៉ុណ្ណោះ បច្ចុប្បន្នលោកមានផ្ទៃដី ៥ហិកតាក្នុងការដាំដុះ។ ដីដាំដុះរបស់លោក ពោរពេញដោយផ្ទះសំណាញ់ រោងមាន់ និងស្រះចិញ្ចឹមត្រី។
លោក ឈាវ ហុង ថាលោកបានរៀបចំផែនការដាំ និងចិញ្ចឹមប្រចាំថ្ងៃ ខែ និងឆ្នាំ មានបច្ចេកទេសដាំ ចិញ្ចឹម យកចិត្តទុក ដាក់ ឧស្សាហ៍ព្យាយាម មានគោលដៅច្បាស់លាស់ និងក្តាប់បានពីតម្រូវការទីផ្សារ ធ្វើឲ្យគាត់ទទួលបានជោគជ័យ។ កសិករគំរូប បានផ្តាំទៅកសិករដែលកំពុងធ្វើកសិកម្ម គួរអនុវត្តតាមគាត់ដើម្បីទទួលបានភាពជោគជ័យ ស្របពេលដែលវិស័យមួយចំនួនកំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩។
លោក វេង សាខុន បានលើកឡើងថាស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ ការពង្រឹងរបរកសិកម្មជាផ្នែកសំខាន់ណាស់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ។លោកបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល។ ការដាំ ដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វបានផល។
លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរកសិកម្ម ជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព៕