លោក ហាក់ សុខហេង ប្រធានរដ្ឋបាល ក្នុងផលិតកម្ម ថោន ទម្លាយខ្ទេចគ្មានសល់ពី តារាចម្រៀង ខេម
(ភ្នំពេញ)៖ ដូចដែលអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថា បន្ទាប់ពីម្ចាស់ផលិតកម្មថោន បានចេញលិខិតមួយច្បាប់ ដោយឲ្យតារាចម្រៀងសំលេងស្អក លោក ខេម ចេញមុខមកធ្វើការដោះស្រាយ ជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រួចខេម ក៏បានបង្ហោះសារដ៏ចាក់ដោតផ្អើលពេញហ៊្វេសបុក។ យ៉ាងណាមិញងាកមក លោក ហាក់ សុខហេង ប្រធានរដ្ឋបាល ក្នុងផលិតកម្ម ទីក្រុងភាពយន្ដ ថោន បានលើកឡើងថា៖ “ខេម អើយលើសហើយ! ពាក្យថាដាក់លិខិតលាឈប់ពីផលិតកម្ម វាជាសិទ្ធិរបស់ ខេម ឯងអត់ខុសអីទេ! ហើយខ្ញុំ (ហាក់ សុខហេង ប្រធានរដ្ឋបាល) ទទួលបានលិខិតលាឈប់ ខ្ញុំអ្នកអញ្ជើញ ខេម ឯងមកជួប។ ខេម មានបានចាំទេ ថាជំនួបចុងក្រោយមួយ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤៖០០នាទី? សំនួរទាំងបួនដែលខ្ញុំបានសួរទៅ ខេម នោះគឺខេម ខ្លួនឯងបានឆ្លើយយ៉ាងក្បោះក្បាយត្រទ្បប់មកវិញ។
ខ្ញុំ ក៏បានបញ្ជាក់ប្រាប់ ខេមឯងផ្ទាល់ថា គួរតែនៅបន្តទៅ ព្រោះកុងត្រារហូតដល់ខែធ្នូ ទើបបញ្ចប់ ហើយខេមឯង ក៏បានឆ្លើយមកវិញទាមទារកុងត្រាដើម្បីមើល ខ្ញុំផ្ទាល់ក៏បានឆ្លើយប្រាប់ ខេមឯង ថាមិនអីទេចាំឲ្យមើល។ ប៉ុន្តែខេមឯង ទេដែលជាអ្នកបដិសេធលើរបាយការណ៍ ធម្មតាទេជំនួបប្រជុំតែងតែមានរបាយការណ៍ បញ្ជាក់ពីខ្លឹមសារ និងអ្នកចូលរួម ដើម្បីរាយការណ៍ជូន លោកជំទាវឧកញ៉ា អគ្គនាយិការ ផលិតកម្មទីក្រុងភាពយន្ត (ថោន) គឺមានខេមឯង មានខ្ញុំ និងមានក្រុមការងារពាក់ព័ន្ធបានចូលរួម។ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំនិងក្រុមការងារ បានផិ្តតមេដៃលើជំនួបរបាយការណ៍នោះ រួមជាមួយលោក អ៊ីន រិទ្ធីចិត្រ ប្រធានប្រតិបត្តិ ផលិតកម្មទីក្រុងភាពយន្ត (ថោន) តែខេមខ្លួនឯងទេ! ដែលជាអ្នកបដិសេធ មិនចុះហត្ថលេខា មិនផិ្តតមេដៃលើរបាយការណ៍រួមគ្នាដែលពួកយើងបានប្រជុំនោះ។ គឺបានន័យថា ខេមឯង បានបដិសេធលើជំនួបនោះរួចបាត់ទៅហើយ ទាំងមិនខ្វល់ពីពាក្យសម្តី របស់ខ្ញុំ ទាំងថាកុងត្រាត្រូវបញ្ចប់នៅខែធ្នូ! អញ្ចឹងបានន័យថាខេមឯងមិនខ្វល់ និងមិនបានឲ្យតម្លៃក្រុមការងារ និងរបាយការណ៍ប្រជុំរួមគ្នាផង។
ដោយក្នុងរបាយការណ៍នោះមានបញ្ជូលខ្លឹមសារ សំណើរគ្រប់យ៉ាងរបស់ ខេមឯង បានស្នើសុំ តែដោយឡែកបែរជា ខេមឯង ដើរចេញ និងមិនបានទទួលស្គាល់ របាយការណ៍ប្រជុំ។ ពាក្យថាកុងត្រាគេមិនដែលធ្វើឡើងរក្សាទុកតែម្នាក់ឯងនោះទេ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថានៅពេល ខេមឯង បានចុះកុងត្រារួច មិនមានឯកសាររក្សាទុកនោះឡើយ។ ខ្ញុំគិតថាសម្រែកទាមទារមើលកុងត្រានោះ គ្រាន់តែជាការសម្តែងដើម្បីភាពបិទបាំងកុំឲ្យខ្មាសមហាជនអ្នកគាំទ្រ”៕