ចិនជឿជាក់ថា ស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា នឹងទទួលការគាំទ្រនិងមានទីផ្សារខ្ពស់នៅចិន

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុនធៀន ធៀន របស់ចិន មានការជឿជាក់ថា ផលិតផលកសិផលស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់ នៅប្រទេសចិននាពេលខាងមុខឆាប់ៗនេះ។ ការរំពឹងនេះ បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាព ផ្លែស្វាយ មៀន ខ្នុរ ទុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជារួចមក។

ក្នុងជំនួបជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក Wang Bingham បានថ្លែងថា “បន្ទាប់ពីបានទស្សនកិច្ចសិក្សា ស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថា នឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេសចិន នាពេលដែលក្រុមហ៊ុនដាក់លក់ នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្ម ព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន” ។

លោកបន្តថា ដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ លោកក៏បានស្នើសុំការយោបល់ និងអនុសាសន៍ពីលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើ ទៅប្រទេសចិនផងដែរ។
ឆ្លើយតបការលើកឡើងរបស់លោក Wang Bingham លោកវេង សុខុន ក៏បានណែនាំដល់ក្រុមហ៊ុន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុល នៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាព អាចជួយសម្របសម្រួលក្នុងការ ធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយសហគមន៍ និងជាពិសេសនីតិវិធី នៃការនាំចេញ។

ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិនដែលតែងតែផ្តល់ កិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើរមកកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីចិនបានបង្កើនបរិមាណ នៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យ កម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះ ត្រង់ទៅកាន់ប្រទេសចិន។
ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់ កម្ពុជាចេញទៅប្រទេសចិន របស់ក្រុមហ៊ុនវិញ លោកក៏បានស្វាគមន៍ និងគាំទ្រផងដែរ ។ លើសពីនេះទៀត លោកក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះ គឺពិតជាស្របតាមផែនការ អភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតកម្មកសិកម្ម ក្នុងស្រុកតាមរយៈការធ្វើ ទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹង ជួយជំរុញសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds