សម្តេចតេជោ ព្រមានបន្តចាប់ខ្លួន អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធ បញ្ហាព្រំដែន ព្រោះបញ្ហាព្រំដែន មិនមែនជារឿង លេងសើចឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានបន្តចាប់ខ្លួន អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធ បញ្ហាព្រំដែន ព្រោះបញ្ហាព្រំដែន មិនមែនជារឿង លេងសើចឡើយ ។ ការព្រមាននេះធ្វើឡើងនៅក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រឿងនេះ គេធ្វើតាមច្បាប់។ រដ្ឋសភា និងព្រះមហាក្សត្រ ឡាយព្រះហស្តលេខា លើការងារបោះបង្គោល ដោះដូរដីនៅព្រំដែន។ រឿងនេះ យើងធ្វើតាមច្បាប់ត្រឹមត្រូវ។ ខ្ញុំក៏បានបកស្រាយច្រើនម៉ោង នៅក្នុងរដ្ឋសភា។ យើងមានផែនទី តែយើងមិនទាន់មានបង្គោលព្រំដែនត្រឹមត្រូវ។ យើងមានបង្គោលព្រំដែនបន្សល់ទុកពីបារាំង ទាំងតាមព្រំដែនវៀតណាម ថៃ និងឡាវ។ តែយើងចង់បានបង្គោលព្រំដែនមួយជាក់លាក់។ ពេលទៅបោះបង្គោល យើងឃើញភូមិរបស់វៀតណាមមួយចំនួន នៅក្នុងទឹកដីរបស់យើង។ រីឯភូមិយើងមួយចំនួន នៅក្នុងទឹកដីវៀតណាម ដូចជា ភូមិរបស់សម្តេចហេងសំរិន ជាដើម។ បារាំងតើ វាទៅគូស មិនមែនជាកំហុសរបស់ព្រះមហាក្សត្រខ្មែរ ឬសភាខ្មែរឯណា!»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងមានជម្រើស ៣ ក្នុងរឿងព្រំដែននេះ គឺ ទី១-កាត់ភូមិខ្មែរ ដែលនៅក្នុងទឹកដីវៀតណាម កាត់ទៅឲ្យវៀតណាមគ្រប់គ្រង។ ភូមិសម្តេចហេងសំរិន។ ជម្រើសទី២ រក្សាខ្សែព្រំដែនដដែល ហើយរើភូមិចេញ។
ឯជម្រើសទី៣ ដោះដូរដីគ្នា ដោយរៀបចំខ្សែព្រំដែនជាថ្មី។ គូសភូមិ បង ហេងសំរិន ដោយ ប្តូរព្រំដែនថ្មី។ ថាកន្លែងហ្នឹង ៥០០ ហិចតា។ អីចឹង ត្រូវរកដី ៥០០ ហិចតា ប្តូរឲ្យវៀតណាមវិញ។ វៀតណាម ត្រូវប្រគល់ដីឲ្យកម្ពុជា ជាង ២០០០ ហិចតា។ ដីនេះ នៅពេលវៀតណាម ប្រគល់ឲ្យយើង យើងត្រូវយកដីនេះ ទៅបែងចែកជាដីសង្គមកិច្ច ប្រគល់ឲ្យខេត្តគ្រប់គ្រង ដើម្បីប្រគល់ឲ្យកងទ័ពនគរបាល ដែលគ្មានដី ឲ្យមានដី ដូចយើងធ្វើនៅស្វាយរៀង យើងធ្វើផ្ទះ ប្រគល់ឲ្យកងទ័ព នគរបាល អតីតកងយោធា ដែលការពារព្រំដែន»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការស្ទង់មតិរបស់ Comfrel ថាតើការចាប់ខ្លួនមនុស្ស ពាក់ព័ន្ធរឿងព្រំដែន នាពេលថ្មីៗនេះថា ជារឿងរំលោភច្បាប់ និងសិទ្ធិ ឬទេ? ការស្ទង់មតិនេះ អង្គការខុមហ្វ្រែល ធ្វើឡើង ៧ថ្ងៃ ដែលត្រូវផុតកំណត់នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។ ចម្លើយគឺ ៧៨% ថា មិនរំលោភច្បាប់ និងសិទ្ធិទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds