រុស្ស៊ី ថា ការព្រួយបារម្ភរបស់អន្តរជាតិពាក់ព័ន្ធ វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ជា «រឿងគ្មានមូលដ្ឋានទាល់តែសោះ
រុស្ស៊ី៖ កាលពីថ្ងៃពុធ រុស្ស៊ី បានច្រានចោលការព្រួយបារម្ភរបស់អន្តរជាតិពាក់ព័ន្ធនឹងសុវត្ថិភាពរបស់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ដែលខ្លួនសម្រេចបាន ដោយបានហៅការព្រួយបារម្ភរបស់អន្តរជាតិនោះថាជា «រឿងគ្មានមូលដ្ឋានទាល់តែសោះ»។
ប្រទេសរុស្ស៊ីប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ហើយវ៉ាក់សាំងនោះត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ និងចុះបញ្ជីដំបូងគេបំផុតនៅលើពិភពលោក បន្ទាប់ពីបានសាកល្បងលេីមនុស្សអស់រយៈពេលមិនដល់២ខែ។
ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿន នៃការសម្រេចបានវ៉ាក់សាំងបង្ការវីរុសកូវីដ១៩នេះរបស់រុស្ស៊ី ហើយប្រទេសជាច្រេីនបានបង្ហាញការសង្ស័យចំពោះសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។
ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់, បារាំង, អេស្ប៉ាញ និងអាមេរិកសុទ្ធតែអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះវ៉ាក់សាំងរបស់រុស្ស៊ីនេះ។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី វ៉ាក់សាំងបង្ការវីរុសកូវីដ១៩របស់រុស្ស៊ីនឹងត្រូវបានផលិតរួចរាល់ក្នុងពេលឆាប់ៗនេះ ហេីយកញ្ចប់ដំបូងនៃវ៉ាក់សាំងនេះនឹងផលិតបានក្នុងរយៈពេល២សប្ដាហ៍ទៀតដេីម្បីចែកកចាយឲ្យក្រុមគ្រូពេទ្យមុនគេ។
ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថាពួកគេគ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ទ្រង់ទ្រាយធំនៅខែតុលា៕