សម្តេច ស ខេង៖ កម្ពុជាមានឆន្ទៈ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការកែប្រែច្បាប់ និងប្រព័ន្ធយុត្តិធម៌សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយខ្ពស់ ដោយប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើទារុណកម្ម ឬប្រព្រឹត្តកម្មមិនគម្បីណាមួយកុំឱ្យកើតមានលើជនដែលត្រូវបានដកហូតសេរីភាព។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ ក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាគ្រឿងឥស្សរយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ និងបំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើទារុណកម្ម ឬប្រព្រឹត្តកម្មមិនគម្បីណាមួយកុំឱ្យកើតមានលើជនដែលត្រូវបានដកហូតសេរីភាព»។

ពាក់ព័ន្ធនឹងចំណុចនេះសម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះទទួលបានជោគជ័យទាមទារឱ្យមន្ត្រីសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងជនដែលត្រូវបានដកហូតសេរីភាព ត្រូវផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបទ និងអាកប្បកិរិយារបស់ខ្លួន ជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំកែប្រែ ការព្យាបាល ការស្តារនីតិសម្បទាជនទាំងនោះផងដែរ។

សម្តេចក្រឡាហោម គូសបញ្ជាក់ថា ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្ម មិនគប្បីជាអំពើឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ហើយក៏វាមិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះជនទាំងនោះឡើយ ផ្ទុយទៅវិញប្រព្រឹត្តកម្មបែបនេះជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលមិនអាចទទួលបានលទ្ធផលវិជ្ជមានដូចការចង់បាននោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងផ្តល់ការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើងនូវគំនុំគំគួនគ្នាមិនចេះចប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds