សម្តេចតេជោ ហ៊ុន សែន អំពាវនាវមេដឹកនាំពិភពលោក ឱ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ ជាទំនិញរួមនិងបញ្ឈប់នយោបាយទម្លាក់កំហុស
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅចំពោះមុខមេដឹកនាំសំខាន់ៗរបស់ពិភពលោក បានអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ហើយត្រូវបញ្ឈប់នយោបាយទម្លាក់កំហុសឱ្យគ្នារឿងជំងឺកូវីដ១៩នេះ ដោយងាកមកការរួមប្រយុទ្ធនឹងជំងឺឆ្លងសាកលនេះជំនួសវិញ។
ការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាគន្លឹះមួយដែលបានថ្លែងក្នុង «មហាសន្និបាតនៃក្តីសង្ឃឹម» ដែលប្រារព្ធធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ។ មហាសន្និបាតនេះត្រូវបានរៀបចំឡើងដោយលោកស្រី ហាក់ ចា ហាន់ មូន ( Hak Ja Han Moon ) សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល។
មហាសន្និបាតនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើងនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩: ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។ មេដឹកនាំសំខាន់ៗរបស់ពិភពលោកជាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំសាសនា និងអង្គការសង្គមស៊ីវិលមកពីប្រទេសជាង១៦០ ត្រូវបានអញ្ជើញឱ្យចូលរួមតាមរយៈប្រព័ន្ធវីដេអូ។
មេដឹកនាំសំខាន់ៗជាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល ឥស្សរជនល្បីៗលើពិភពលោក ព្រមទាំងអ្នកដឹកនាំផ្នែកសាសនា ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះនៅក្នុងមហាសន្និបាត ឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នេះ។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,៧៨៦,៦០៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧២៨,៥៨១នាក់ និងជាសះស្បើយឡើងវិញ ១២,៧០៦,២៩៨នាក់។
ឆ្លើយតបនឹងវិបត្តិ ក៏ដូចជាការរាតត្បាតជំងឺកូវីដ១៩នេះ ឥស្សរជនល្បីៗរបស់ពិភពលោក សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ទៅលើវិបត្តិរបស់ពិភពលោក ដែលបង្កឡើងដោយជំងឺកូវីដ១៩ និងទទូចឱ្យមានការរួបរួមគ្នាដើម្បីជម្នះបញ្ហាដ៏លំបាក របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកទាំងនោះផងដែរ គឺបានបង្ហាញនូវក្តីកង្វល់ ដែលបង្កឡើងដោយជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានកត់សម្គាល់ថា ជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំងមូលនៅបណ្តាប្រទេសនៅលើសកលលោកទាំងមូល។
សម្តេចតេជោ បានបន្ថែមថា មកដល់បច្ចុប្បន្ន គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩ នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះ មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ ។
នៅចំពោះមុខមេដឹកនាំសំខាន់ៗរបស់ពិភពលោកនេះ សម្តេចតេជោ បានទាញចំណាប់អារម្មណ៍ពួកគេថា នាពេលកន្លងមក ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួន។ ត្រង់ចំណុចនេះសម្តេចតេជោ បានសង្កត់ធ្ងន់ថា នៅក្នុងបរិការណ៍នៃសកលភាវូបនីយម្ម និសមារណកម្មតំបន់ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ក៏ដូចជាការស្តាឡើងវិញនូវសង្គម-សេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។
«កិច្ចការនេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នា ប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម»។ សម្តេចតេជោ បញ្ជាក់ទៅកាន់អ្នកចូលរួមក្នុងមហាសន្និបាត។
ដើម្បីជាការរួមវិភាគទានជាមួយពិភពលោក សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនទានមួយចំនួនទៅកាន់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ ទស្សនទានទាំងនោះមានដូចជា សូមឱ្យចាត់ទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាទំនិញរួមសម្រាប់សកលលោក (Global Common Goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទីអាចទទួលបាន និងជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
សម្តេចតេជោ ក៏បានស្នើពិភពលោករៀបចំផែនការស្តារ ឡើងវិញប្រកបដោយភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឱ្យ ដំណើរការជាបណ្តើរៗនូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញសាកលភាវូនីយកម្មនិងពង្រឹងយន្តការ ពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាព ក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការនៅតែរក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការ ពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈ នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និង សម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ ក៏មិនភ្លេចគូសរំលេចផងដែរពីការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខនៅលើសកលលោកទាំងមូល ដែលជាមូលដ្ឋានគ្រឹះមិនឤចខ្វះបានសម្រាប់ការអភិវឌ្ឍ។ សម្តេចតេជោ បានលើកឡើងថា ការកសាង និងថែរក្សាឱ្យខាងតែបាននូវសន្តិភាព និងសន្តិសុខ គឺជាឤទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។ សន្តិភាពមិនឤចសម្រេចបានមក ដោយឯកឯងនោះទេ។
សម្តេចបានគូសបញ្ជាក់លើចំណុចនេះថា «យើងត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្តល់គុណតម្លៃ និងការគិតគូរខ្ពស់ដល់មនុស្សជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពភាពចម្រុះ នៃជំនឿសាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ»។
មុនបញ្ចប់សុន្ទរកថានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែងនូវសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និង ដើម្បីរក្សាបាននូវបរិយាកាសអនុគ្រោះប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាពសម្រាប់ប្រជាជាតិលើសកលលោក ៕