ហេង ចន្ថា បង្ហើបថា គូរដណ្តឹងរបស់នាងមិនមែនស្ថិតក្នុងរង្វង់សិល្បៈនោះទេ
(សិល្បៈកម្សាន្ត)៖ អតីត Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងបានសម្រេចចិត្តភ្ជាប់យ៉ាង ស្ងាត់ៗជាមួយនឹងបុរសង្ហាម្នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ ។
ថ្មីនេះទៀតសោតក៏មានដំណឹងលេចលឺថា នាងនឹងចូលរោងការឆាប់ៗជាមួយគូដណ្តឹងផងដែរ ព្រោះក្រុមគ្រួសាររបស់នាងចង់ឲ្យនាងសំពះផ្ទឹមនាពេលខ្លីខាងមុខនេះ ។ ជុំវិញនៅក្នុងការភ្ជាប់ពាក្យរបស់ស្រីស្អាត ហេង ចន្ថា នាពេលកន្លងមកនេះ រូបនាងផ្ទាល់មិនដែលបានបង្ហាញការពិតទៅដល់មហាជន អ្នកគាំទ្រអោយបានដឹងលឺថា គូដណ្តឹងរបស់នាង គឺជានរណាមកពីណា មានមុខរបរជាអ្វីនោះទេ ។ ទើបតែពេលនេះរូបនាងបានបង្ហើបប្រាប់អោយដឹងថា ខ្លួនពិតជាបានភ្ជាប់ពាក្យពិតប្រាកដមែន ជាមួយនឹងអ្នកនៅក្រៅរង្វង់សិល្បៈ ។
បន្ទាប់ពីបកស្រាយថា ខ្លួនពិតជាមានគូគាប់ទ្រនាប់ចិត្តពិតមែន ពេលនេះឪពុកម្តាយរបស់នាង ហេង ចន្ថា កាន់តែចង់អោយរូបនាងជាមួយនឹងគូដណ្តឹងឆាប់ចូលរោងការនាពេលខាងមុខនេះ ពីព្រោះតែមិនចង់អោយរូបនាងមានព័ត៌មានរឿងអាស្រូវ ទៅលើការតាមស្រលាញ់ និងត្រូវបុរសណាផ្សេងមកសារភាពស្នេហ៍ខ្លាចមានកេរ្តិ៍ឈ្មោះមិនល្អនោះទេ ។
យ៉ាងណាមិញ បើទោះបីជាភ្ជាប់ពាក្យ ដើម្បីបញ្ចប់ភាពនៅលីវរបស់ខ្លួន តែស្រីស្អាតរូបនេះហាក់មិនបង្ហាញពីភាពស្និតស្នាល និងមុខមាត់ពិតរបស់អនាគតស្វាមីរបស់នាងអោយមហាជន និងអ្នកគាំទ្រដឹងនោះទេ ។ ជាមួយគ្នានោះដែរ បន្ទាប់ពីលឺដំណឹងភ្ជាប់ពាក្យដោយស្ងាត់ៗរបស់ស្រីស្អាតរូបនេះ នាពេលកន្លងមក ស្រីស្អាតរូបនេះក៏ហាក់ដកឃ្លាពីការងារសិល្បៈច្រើនដូចជា គេមិនសូវឃើញនាងមានវត្តមាននៅក្នុងការសម្តែងខ្សែភាគយន្តនោះទេ ក្រៅពីថតផ្សព្វផ្សាយផលិតផលមួយចំនួន និងសំអាងការតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ហេង ចន្ថា មិនទាន់បានបញ្ជាក់ប្រាប់មហាជននោះទេថា ខ្លួនអាចនឹងរៀបការនៅពេលណានោះទេ៕