ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យរឹតបន្តឹងបន្ថែមទៀតលើការនាំចូលជ្រូកពីប្រទេសជិតខាង
ភ្នំពេញ ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាស្នើសុំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបន្តធ្វើការរឹតបន្តឹងលើការនាំចូលជ្រូកពីប្រទេសជិតខាងបន្ថែមទៀតឱ្យបានកាន់តែខ្លាំងខ្លាតាមដែលអាចធ្វើទៅបាន។
ការស្នើនេះ ស្របពេលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជំរុញលើកទឹកចិត្ត ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ហើយងាកមករឹតបន្តឹងលើការនាំចូលជ្រូកប្រទេសជិតខាង។ តែទោះជាយ៉ាងនេះក្តី ការនាំចូលជ្រូកដោយខុសច្បាប់តាមរយៈជនខិលខួចនៅតែកើនមានជារឿយៗ។
លោក ស្រ៊ុន ពៅ ប្រធានសមាគម អ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលជាពិសេសក្រសួងពាក់ព័ន្ធលើវិស័យកសិកម្ម វិស័យចិញ្ចឹមសត្វ សូមឱ្យផ្តោតមកលើការផលិតនៅក្នុងស្រុក។
កាលណាយើងឱ្យគេនាំចូលវាធ្វើឱ្យប៉ះពាល់ ដល់អ្នកផលិត តួយ៉ាងនៅពេលសព្វថ្ងៃនេះបើយើងនិយាយអំពីសត្វមាន់ ទា គោក្របី យើងអត់ខ្វះទេ យើងខ្វះតែជ្រូក។ បើតាមប្រធានសមាគមរូបនេះ ហេតុអ្វីបានជាយើងខ្វះតែសត្វជ្រូក ហើយនាំចូលមកពីប្រទេស ជិតខាងរហូត? យើងឃើញថាជំងឺប៉េសជ្រូកអាហ្វ្រិកវាវាយលុក ធ្វើឱ្យការផ្គត់ផ្គត់មិនអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារមួយរយៈចុងក្រោយនេះ។
លោកថា «បើយើងមិនជំរុញ យើងឃើញថាដល់១០ឆ្នាំ ទៀតនៅតែខ្វះជ្រូកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែបើយើងជំរុញតែ២ឆ្នាំទៀត យើងអាចមើលការខុសត្រូវ ទីផ្សារដោយខ្លួនឯង។ ថ្មីៗនេះ យើងមើលឃើញថាក្រសួងកសិកម្មមានការរឹតបន្តឹងពិតប្រាកដមែន ក៏ប៉ុន្តែជនខិលខូចមួយចំនួននៅតែលួចនាំចូលតិច ច្រើនមានរហូត ឈានដល់ថ្នាក់ហានយករថយន្ត ថ្លៃៗដឹកជ្រូកចូល»។ «ខ្ញុំធ្វើជាប្រធានសមាគមរយៈពេល១៧ឆ្នាំមកហើយ ឃើញតែនាំជ្រូកចូលរហូត គ្រាន់តែវិស័យចិញ្ចឹមជ្រូកមួយសោះ។
លោកបានចោទជាសំនួរថា កម្ពុជាយើងរឿងអ្វីចិញ្ចឹមជ្រូកអត់បាន ដោយសារមានជនខិលខួចមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមជ្រូកនេះ។ តាំងពីសមាគមនេះ កើតឡើងមកឃើញថាវិស័យចិញ្ចឹមជ្រូកបរាជ័យរហូត។ តែទើបតែដល់ឆ្នាំ២០២០ នៅពេលជំងឺកូវីដ-១៩ កើតទូទាំងពិភពលោករួមទាំងកម្ពុជា ឃើញថាវិស័យចិញ្ចឹមជ្រូកហាក់ប្រសើរឡើងវិញ ហើយបើរាជរដ្ឋាភិបាល យកចិត្តទុកដាក់ហើយជំរុញ ពិសេសក្រសួងកសិកម្មយកចិត្តទុកដាក់ដូចសព្វថ្ងៃ ខ្ញុំជឿជាក់ថាប្រើរយៈពេលតែ ២ឆ្នាំនោះទេ គឺយើងអាចទទួលខុសត្រូវផ្គត់ផ្គត់សាច់ជ្រូកនៅលើទីផ្សារក្នុងស្រុកបាន១០០ភាគរយ ហើយអាចឈានទៅដល់ការនាំចេញបានថែមទៀត»៕